សេណេហ្គាល់៖ អ្នករួចផុតពីគ្រោះថ្នាក់ពីការធ្វើដំណើរតាមទូកដឹកជនអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ ដែលមនុស្សជាង៦០នាក់បានស្លាប់ បានចេញដំណើរពីកោះ Cape Verde ទៅកាន់ប្រទេសសេណេហ្គាល់ មានរយៈពេល១សប្តាហ៍បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះនៅសមុទ្រនិងបានចំណាយពេលជាង១ខែ នៃការរសាត់អណ្តែត។ មនុស្សជាង១០០នាក់ បានជិះនៅលើទូកនេសាទមួយគ្រឿង នៅក្នុងភូមិ Fass Boye ប្រទេសសេណេហ្គាល់ កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងផ្លូវធ្វើដំណើរ ដែលពួកគេសង្ឃឹមថាបានទៅដល់អឺរ៉ុប។
ទូកត្រូវបានរកឃើញដោយទូកនេសាទជនជាតិអេស្បាញនៅជិតប្រជុំកោះ Cape Verde កាលពីថ្ងៃទី១៥ ខែសីហា ដែលមានចម្ងាយរាប់រយម៉ាយស៍។ មនុស្សប្រមាណ៣៨នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សជាង៦០នាក់នៅបាត់ខ្លួន ដែលត្រូវបានសន្និដ្ឋានថាស្លាប់។
ការធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបពីអាហ្វ្រិកខាងលិចគឺជាការធ្វើដំណើរមានការគំរាមកំហែងដល់ជីវិត ទោះបីតាមរថយន្តដឹកទំនិញនៅវាលខ្សាច់សាហារ៉ា ឬតាមទូកឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ។
អ្នកជំនាញអន្តោប្រវេសន៍និយាយថា ផ្លូវទៅកាន់កោះ Canary ប្រទេសអេស្បាញ ក្លាយជាទីពេញនិយមខ្លាំងព្រោះតែការឆ្លងកាត់តាមប្រទេសលីប៊ី ត្រូវបានការពារយ៉ាងតឹងរ៉ឹង។
កាលពីថ្ងៃចន្ទ អាជ្ញាធរប្រទេសសេណេហ្គាល់ បាននាំយកជនអន្តោប្រវេសន៍៣៧នាក់ ជាអ្នកដែលត្រូវបានជួយសង្គ្រោះនៅឆ្នេរកោះ Cape Verde កាលពីសប្តាហ៍មុន បន្ទាប់ពីទូករបស់ពួកគេបានគាំងដំណើរដោយគ្មានប្រេងនៅលើសមុទ្រទ្រអាត្លង់ទិករយៈពេលច្រើនសប្តាហ៍៕

