ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តគាំទ្ររាជរដ្ឋាភិបាលថ្មី ដើម្បីឱ្យកិច្ចការដឹកនាំរាជរដ្ឋាភិបាលរីកចម្រើនជឿនលឿនទៅមុខ ។
សម្តេចតេជោ ហ៊ុន សែន ខណៈអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅឯវិមានរដ្ឋសភា នាព្រឹកថ្ងៃ ទី២២ ខែសីហា នេះ បន្ទាប់ពីសម្តេចបានអញ្ជើញចូលរួមបើកសម័យប្រជុំរដ្ឋសភា លើកទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។
ក្នុងសន្និសីទសារព័ត៌មានសម្ដេចតេជោ ជឿជាក់ថា គណៈរដ្ឋមន្រ្ដីថ្មី គឺមានលទ្ធភាពក្នុងការដឹកនាំប្រទេសកម្ពុជា ជាមួយនឹងកិច្ចការដែលនៅសេសសល់ និងកិច្ចការងារថ្មីៗបន្ថែមទៀត ដែលនេះគឺជាអម្រែក របស់ថ្នាក់ដឹកនាំ សម្រាប់អាណត្តិទី៧នេះ។
សម្ដេចតេជោ ជឿជាក់ថា រាជរដ្ឋាភិបាលថ្មី នឹងមានភាពរហ័សរហួនទៅដល់ គោលដៅ ដែលក្នុងឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់តែម្ដង ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសម័យប្រជុំ នៃរដ្ឋសភាលើកទី១ សម្រាប់នីតិកាលទី៧ បោះ ឆ្នោតជាកញ្ចប់ផ្តល់សេចក្តីទុកចិត្ត ដោយសំឡេងច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ៕អត្ថបទ៖ មុត សុទ្ធ