ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈបេឡាជាតិសន្តិសុខសង្គម រដ្ឋាភិបាលកម្ពុជាបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនសរុបប្រមាណជាង ២ពាន់លានរៀល។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម នៅក្នុងបណ្តាញសង្គម នារសៀលថ្ងៃទី២២ ខែសីហានេះ បានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ ស្រ្តីពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួនជាង ២ ៧៥០នាក់, ពិនិត្យសុខភាពក្រោយសម្រាលចំនួន ១ ១០០នាក់, កុមារអាយុក្រោម២ឆ្នាំ ដែលបានទទួលវ៉ាក់សាំងចំនួន ៧៥៤នាក់, និងស្រ្តីបានសម្រាលកូនរួចចំនួន ៣ ២២៧នាក់ ដែលមានចំនួនកូនសរុបស ៣ ២៤១នាក់។
ដោយឡែក បើគិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ប.ស.ស. បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ១៦ពាន់ ៨២៦លាន ៧២ម៉ឺនរៀល ជូនដល់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៣៩ ៩៤៧នាក់ និងមានចំនួនកូនសរុប ៤០ ២២៣នាក់។ ទន្ទឹមនឹងការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលខាងលើ បេឡាជាតិសន្តិសុខសង្គម ក៏បានបើកផ្តល់តាវកាលិកផ្នែកថែទាំសុខភាពជូនសមាជិករបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលក្នុងរយៈពេលដូចគ្នា គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានចំណាយថវិកាសរុបប្រមាណជាង ៨៣ពាន់ ៨១៧លានរៀល ស្មើនឹង ៤៦ ៩៩១ករណី។
ឯកឧត្តមអគ្គនាយករង បានបញ្ជាក់បន្ថែមថា តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិត តាមរយៈគោលនយោបាយដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕ ដោយ ៖ បូរ៉ាវី







