ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទសុខាភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា មកដល់ពេលនេះ មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកថ្នាំអាបែត ចំនួន១០តោន ទៅការិយាល័យស្រុកប្រតិបតិ្តចំនួន៦ និងសារអប់រំសុខភាព ដើម្បីទប់ស្កាត់ការរាតត្បាតដោយជំងឺគ្រុនឈាម។
ជាធម្មតាក្នុងប្រទេសកម្ពុជាយើង ករណីជំងឺគ្រុនឈាម តែងកើតមានជាប្រចាំ។ ខែណាក៏មានដែល ហើយកើតឡើងជារៀងរាល់ឆ្នាំ ជំងឺគ្រុនឈាមកើតឡើងដោយសារមូសខ្លា។ ដូច្នេះរដូវគ្រុនឈាម ប្រភពនៃការកកើតមូស វាកើនឡើង វាក៏ធ្វើឲ្យជំងឺគ្រុនឈាម មានការកើនឡើងផងដែរ។ ជាមួយគ្នានោះឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពជាប្រចាំថ្ងៃរបស់មន្រី្តសុខាភិបាលនៅតាមការិយាល័យស្រុកប្រតិបតិ្ត និងមណ្ឌលសុខភាព បានចុះអប់រំផ្សព្វផ្សាយ និងយកថ្នាំអាបែត ដាក់ក្នុងពាងទឹក អាងទឹក ដើម្បីលុបបំបាត់ជម្រកមូសខ្លា។ ព្រោះថាមូសខ្លា វាពងក្នុងទឹកដក់ថ្លា វាមិនពង ដាក់ក្នុងទឹកលូ ទឹកស្អុយនោះទេ។ ព្រោះថាទឹកលូ ទឹកស្អុយ វាកើតឡើងជាប្រភេទមូសធម្មតា។
បើតាមលោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ បានឲ្យដឹងថា ថ្ងៃនេះមន្រ្តីសុខាភិបាល បានចុះផ្សព្វផ្សាយអប់រំ និងដាក់ថ្នាំអាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅសហគមន៍ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីចលនាឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តវិធានការបង្ការ ដូចជាលុបបំបាត់ជម្រកមូស អនាម័យភូមិដ្ឋាន ផ្ទះសម្បែង និងទីសាធារណៈនានា និងយល់ដឹងពីរោគសញ្ញាបឋមសំខាន់ៗ នៃជំងឺគ្រុនឈាម ដែលត្រូវសែងរកសេវាព្យាបាលទាន់ពេលវេលា និងចេះថែទាំអ្នកជំងឺគ្រុនឈាម។
ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ដែលមានកូនៗ ត្រូវតែចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមទាំងអស់គ្នា៕ អត្ថបទ រដ្ឋា






