អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃអង្គារ (២២សីហា)ថា ទីក្រុង Tehran នឹងកាត់បំបាក់ «ដៃអ្នកណាក៏ដោយ ដែលពាក់ព័ន្ធនឹងការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់» ក្នុងអំឡុងពេលពិធីមួយ ដែលសាធារណរដ្ឋអ៊ីស្លាមមួយនេះ បានបង្ហាញយានដ្រូនផលិតក្នុងស្រុកកម្រិតខ្ពស់។
យានប្រភេទ Mohajer-10 មានកម្រិតហោះហើរ និងរយៈពេល ប្រសើរជាងមុន ក៏ដូចជាការផ្ទុកបានកាន់តែច្រើន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។
យានដ្រូននេះត្រូវបានគេរាយការណ៍ថា មានវង់ប្រតិបត្តិការចម្ងាយ២.០០០គីឡូម៉ែត្រ (១២៤០ ម៉ាយល៍) ហើយអាចហោះហើរបានរហូតដល់២៤ម៉ោង។ បន្ទុករបស់យាននេះអាចឡើងដល់ ៣០០គីឡូក្រាម (៦៦១ ផោន) មានកម្រិតទ្វេដងនៃសមត្ថភាពរបស់យានដ្រូនប្រភេទ "Mohajer-6" ។
ក្រុមមន្ត្រីអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់យានដ្រូនប្រភេទ Mohajer-6 ក្នុងចំណោមយានដ្រូនផ្សេងទៀត ទៅឲ្យរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ប៉ុន្តែទីក្រុង Tehran បានបដិសេធការចោទប្រកាន់នោះ៕

