ប៉ូឡូញ៖ ប្រទេសប៉ូឡូញ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី កំពុងផ្ទេរអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីមួយចំនួនទៅកាន់ប្រទេសបេឡារុស ដែលជាទង្វើមួយដែលប្រធានាធិបតីប៉ូឡូញ លោក អានហ្សេ ឌូដា Andrzej Duda បាននិយាយថា អាចផ្លាស់ប្តូរសម្ព័ន្ធភាពណាតូនៅក្នុងតំបន់នេះ។
ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយកាលពីខែមុនថា ទីក្រុងមូស្គូ បានដឹកជញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនរបស់ខ្លួនទៅប្រទេសបេឡារុសរួចហើយ បន្ទាប់ពីបានប្រកាសផែនការកាលពីខែមីនា។
ព័ត៌មានអំពីការផ្លាស់ប្តូរនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសបេឡារុស បានចេញការជូនដំណឹងកាលពីថ្ងៃចន្ទសម្រាប់ពលរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសឲ្យចាកចេញជាបន្ទាន់ ហើយបានព្រមានប្រឆាំងនឹងការធ្វើដំណើរនៅទីនោះ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រទេសលីទុយអានី បានបិទច្រកព្រំដែនសំខាន់ៗចំនួនពីររបស់ខ្លួនជាមួយប្រទេសបេឡារុស ជុំវិញការព្រួយបារម្ភអំពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលបានបង្កើតប្រតិបត្តិការ នៅក្នុងប្រទេសនេះ។
ទីក្រុងមូស្គូ បាននិយាយថា ខ្លួននឹងរក្សាការគ្រប់គ្រងលើក្បាលគ្រាប់ដែលខ្លួនបញ្ជូនទៅកាន់ប្រទេសបេឡារុស។ បេឡារុស គឺជាប្រទេសសំខាន់ និងជាយុទ្ធសាស្ត្រ ព្រោះប្រទេសនេះមានព្រំប្រទល់ជាប់នឹងអង្គការណាតូ ដូចជាប៉ូឡូញ លីទុយអានី និងឡាតវី ជាបន្ថែមពីលើប្រទេសអ៊ុយក្រែន៕

