កូរ៉េខាងជើង៖ បើយោងតាមការឆ្លើយតបពីអាជ្ញាធរ ចំពោះសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ (ទី២៣ ខែសីហា) នេះ បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បានយល់ព្រមឲ្យក្រុមហ៊ុនអាកាសចរណ៍ Air Koryo របស់ប្រទេសកូរ៉េខាងជើង ហោះហើរធ្វើការ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងចំនួន ៣ថ្ងៃ ក្នុងមួយសប្ដាហ៍ គឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី២៨ ខែតុលា។
ជាមួយគ្នានេះ អាកាសចរណ៍ស៊ីវិលរបស់ចិន បានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ចិន Air China ដែលធ្លាប់ហោះហើរ រវាងទីក្រុងទាំងពីរនោះ មិនបានអនុវត្តការចាប់ផ្ដើមហោះហើរឡើងវិញលើផ្លូវហោះហើរចិន-កូរ៉េខាងជើងនោះទេ ហើយប្រាប់ថា និយតករផ្តល់ការយល់ព្រមលើការហោះហើរតាមរដូវកាល។
លោក Simon Cockerell អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនដំណើរកម្សាន្ត Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ជាធម្មតាមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo ប្រហែលពី ៣ ទៅ ៥ជើង រវាងទីក្រុងប៉េកាំង និងព្យុងយ៉ាង ក្នុងមួយសប្តាហ៍ ដោយអាស្រ័យលើរដូវកាល និងតម្រូវការ ក៏ដូចជាមានជើងហោះហើរទៅកាន់ទីក្រុងស៊ាងហៃ និងទីក្រុង Shenyang ផងដែរ។
ជើងហោះហើររបស់ Air Koryo ពីទីក្រុងព្យុងយ៉ាង បានចុះចតនៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារ (ទី២២ ខែសីហា) ជាលើកដំបូង គិតចាប់តាំងពីមានការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ចាប់ផ្តើមក្នុងឆ្នាំ២០២០ ខណៈដែលកូរ៉េខាងជើងបានបើកព្រំដែនរបស់ខ្លួនឲ្យអ្នកដំណើរឆ្លងកាត់ចេញចូល៕

