ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែសីហាស្អែកនេះ នឹងដាក់តាំងបង្ហាញឱកាសការងារចំនួនជិត ៧០០កន្លែង របស់ក្រុមហ៊ុនធំៗចំនួន១០។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ជូនដល់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តំណាងក្រុមហ៊ុនទាំង១០ ដែលនឹងត្រូវចូលរួមក្នុងវេទិកាការងារនេះ លោក នៅ សិទ្ធី ចាត់ទុកថា វេទិកាការងារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនកន្លងមកក្នុងការជ្រើសរើសបុគ្គលិក ព្រោះកម្មវិធីនេះបានផ្តល់ឱកាសដល់ខាងក្រុមហ៊ុនបានជួបដោយផ្ទាល់ជាមួយនឹងអ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារជាដើម។
សូមជម្រាបថា ក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi៕


