
មន្ត្រីម្នាក់មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បាននិយាយថា ប្រទេសជប៉ុនរំពឹងថា នឹងមានផលប៉ះពាល់ «យ៉ាងធ្ងន់ធ្ងរ» ពីបម្រាមការនាំចូលអាហារសមុទ្រ ពីសំណាក់ទីក្រុងហុងកុង និងម៉ាកាវ ដោយសារតែការបញ្ចេញទឹក ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចហើយពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) នាពេលខាងមុខនេះ។
ប្រទេសជប៉ុននឹងចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលធ្វើប្រព្រឹត្តិកម្មរួចហើយជាង ១លានតោនពីរោងចក្រថាមពលនុយក្លេអ៊ែរមិនដំណើរការហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) ពោលគឺជាងមួយទសវត្សរ៍ បន្ទាប់ពីរោងចក្រនេះ ត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ និងចំពេលមានការរិះគន់យ៉ាងខ្លាំងក្លាពីប្រទេសចិន។
ក្រសួងការបរទេសចិន បាននិយាយ នៅថ្ងៃពុធនេះថា ប្រទេសចិន ដែលជាប្រទេសនាំចូលអាហារសមុទ្រដ៏ធំបំផុតរបស់ជប៉ុន នឹងចាត់វិធានការដើម្បីការពារបរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈរបស់ខ្លួន។ ទីក្រុងប៉េកាំង បានហាមឃាត់ការនាំចូលពីតំបន់មួយចំនួនរបស់ជប៉ុនរួចហើយ។ នៅក្នុងវិធានការចុងក្រោយបំផុត មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនៃទីក្រុងហុងកុង និងមជ្ឈមណ្ឌលល្បែងស៊ីសងរបស់ម៉ាកាវ ដែលជាតំបន់ពិសេសរបស់ចិនទាំងពីរ នឹងហាមឃាត់ការនាំចូលផលិតផលនេសាទពីតំបន់របស់ជប៉ុនចំនួន១០ ក្នុងនោះរួមទាំងទីក្រុងតូក្យូ និងហ្វូគូស៊ីម៉ា ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ ដោយបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួន ដោយសារគោលនយោបាយរបស់ក្រសួង មន្ត្រីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានប្រាប់ថា ផលប៉ះពាល់នៃការហាមឃាត់អាហារសមុទ្រ ពីសំណាក់ក្រុងហុងកុង និងម៉ាកាវ មិនអាចគណនាបានភ្លាមៗនោះទេ ប៉ុន្តែនឹង «ធ្ងន់ធ្ងរ» ជាក់ជាមិនខាន៕