ភ្នំពេញ៖ កម្មករ-កម្មារិនីរោងចក្រ បានបង្ហាញជំនឿលើការដាក់ដឹកនាំរបស់នាយករដ្ឋមន្រ្តី អាណិត្តទី៧នេះ នឹងបន្តអភិវឌ្ឍវិស័យកាត់ដេរឱ្យកាន់តែរីកចម្រើនថែមទៀត និងមានការដំឡើងប្រាក់ឈ្នួលកាន់តែខ្ពស់ ដើម្បីលើកស្ទួយជីវភាពកម្មករ-និយោជិត ។
បន្ទាប់ពីការប្រកាសក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅព្រឹកថ្ងៃទី ២៤ ខែសីហានេះ របស់ឯកឧត្ដមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត អំពីការគិតគូរបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារ អាជីពជូនកម្មករនិយោជិត បានធ្វើឱ្យកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅតាមបណ្ដារោងចក្រ ក្នុងខេត្តកណ្ដាល រីករាយសប្បាយចិត្ត និងរំពឹងថា វិស័យកាត់ដេរ ក្នុងរាជរដ្ឋាភិបាលថ្មីនេះ នឹងកាន់តែមានការីកចម្រើន និងជាពិសេសប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ នឹងត្រូវដំឡើងបន្ថែម ។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប អាណត្តិទី៣ លើកទី២ នឹងចាប់ផ្តើម នៅថ្ងៃទី២៨ខែសីហានេះ ជាលក្ខណៈត្រីភាគី រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត, ភាគី និយោជក និងភាគីរដ្ឋាភិបាល ។ មកដល់ឆ្នាំនេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ មានចំនួន២០០ដុល្លារ ក្នុងមួយខែ ៕អត្ថបទ៖ ទូច សោភ័ណ