ភ្នំពេញ ៖ លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងថា ពលរដ្ឋកម្ពុជា មានសំណាងណាស់ដែលមានឱកាសបានទទួលវ៉ាក់សាំងការពារជំងឺ Covid-19 នេះ ហើយប្រទេសកម្ពុជា ក៏ជាប្រទេសដំបូងផងដែរ ដែលបានទទួលនូវវ៉ាក់សាំង តាមរយៈយន្តការកូវ៉ាក់ ខណៈដែលប្រទេសផ្សេងៗ តាមតំបន់ នៅមានការខ្វះខាតវ៉ាក់សាំងការពារជំងឺ Covid-19 សម្រាប់ការផ្តល់ជូនដល់ពលរដ្ឋខ្លួន ។
ការលើកឡើងដូចនេះរបស់ លោកស្រី លីអាយលែន គឺបានធ្វើឡើងក្នុងឱកាសដែលលោកស្រី និងលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង Covid-19 ក្របខណ្ឌទូទាំងប្រទេស រួមជាមួយលោកស្រី ហ្វូរ៉ូហ្វ ហ្វាអ៊ូហ្សាត តំណាអង្គការយូនីស្វែហ្វប្រចាំនៅកម្ពុជា ចុះពិនិត្យក្នុងដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នៅសាលាបឋមសិក្សាបាក់ទូក ស្ថិតក្នុងខណ្ឌ ៧មករា នៅថ្ងៃទី២៥ ខែឧសភានេះ ។
ក្នុងឱកាសនោះទៀតដែរ លោកស្រីតំណាងអោយអង្គការសុខភាពពិភពលោករូបនេះ ក៏បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ច ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នាបានយ៉ាងល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នេះជូនប្រជាពលរដ្ឋ ។
បន្ថែមពីនេះ លោកស្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ បន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់ និងការឆ្លងរាលដាលនៃជំងឺ Covid-19 នេះជាមួយរាជរដ្ឋាភិបាល ៕