ភ្នំពេញ៖ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌបច្ចេកទេសកសិកម្ម ដាក់ពង្រាយតាមបណ្តាឃុំសង្កាត់នានាទូទាំងប្រទេស នៅពេលនេះ បណ្តានិស្សិតនានាកំពុងសិក្សា និងខ្លះកំពុងហាត់ការជំនាញកសិកម្មខ្លួនតាមឃុំសង្កាត់ស្រាប់ គឺបានសម្តែងរីករាយខ្លាំង ហើយបានត្រៀមខ្លួនដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌ និងស្ម័គ្រចិត្តចូលបម្រើការងារបច្ចេកទេសកសិកម្មនៅតាមឃុំសង្កាត់នានា។
បើតាមបណា្តនិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៤ ខែសីហានេះថា ការអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិ៧នេះ លើការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅតាមឃុំសង្កាត់នេះ គឺជាឱកាសដ៏ល្អខ្លាំងបំផុត និងជំរុញទឹកចិត្តនិស្សិតទាំងអស់នាំគ្នាខំប្រឹងរៀន ត្រៀមប្រឡងចូលក្របខណ្ឌមន្ត្រីបច្ចេកទេសកសិកម្មទៅបម្រើការនៅតាមឃុំសង្កាត់។
បើតាមប្រជាកសិករប្រកបរបរបណ្តុះកូនរុក្ខជាតិនៅសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា បច្ចុប្បន្ន ការប្រកបរបរដាំដំណាំ បណ្តុះកូនឈើលក់នេះ គឺនៅមានកម្រិត និងចេះដាំតៗគ្នា និងមិនមានបច្ចេកទេសដាំបង្កាត់ពូជណានោះទេ ហើយបើមានមន្ត្រីបច្ចេកទេសកសិកម្មមកដឹកនាំដាំ នឹងជំរុញវិស័យកសិកម្មនៅកម្ពុជាបន្តការរីកចម្រើន។
លោក ម៉ៅ មីនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានថ្លែងថា បច្ចុប្បន្នខាងនាយកដ្ឋានបុគ្គលិកក្រសួងកសិកម្មកំពុងសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ១៦០០នាក់ ដើម្បីដាក់ពង្រាយ នៅតាមឃុំសង្កាត់ នៅក្នុងឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ បាននិងកំពុងរៀបចំសាកល្បង ដាក់ពង្រាយមន្ត្រីជាប់កិច្ចសន្យាធ្វើការផ្នែកបច្ចេកទេសកសិម្ម ចុះធ្វើការស្ម័គ្រចិត្តនៅតាមបណ្តាសង្កាត់ឃុំ បានចំនួន១០ឃុំ នៅក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧។
បច្ចុប្បន្ននេះដែរ ក៏មាននិស្សិតសិក្សាបញ្ចប់ឆ្នាំទី៤នៅសកលវិទ្យាល័យភូមិន្ទកសិកម្មប្រមាណ ២០០នាក់ដែរ បានស្ម័គ្រចិត្តចុះហាត់ការធ្វើការងារនៅតាមឃុំសង្កាត់តាមខេត្តចំនួន១៣ ហើយគ្រប់និស្សិតទាំងនោះ ក៏បានត្រៀមខ្លួនប្រឡងចូលក្របខណ្ឌក្រសួងកសិកម្ម ដើម្បីចូលបម្រើការស្ម័គ្រចិត្តនៅតាមឃុំសង្កាត់ផងដែរ។ អត្ថបទ ស៊ុម សុខជា