ជប៉ុន៖ មានការផ្ទុះប្រតិកម្មជាច្រើនចំពោះការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចរបស់ប្រទេសជប៉ុន ពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលបានរងការខូចខាត នៅថ្ងៃព្រហស្បតិ៍ (២៤សីហា) នេះ។
ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា «ការបញ្ចេញសំណល់ទឹកកខ្វក់ ហ្វ៊ូគូស៊ីម៉ា នេះ គឺជាបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរដ៏សំខាន់ដែលមានផលប៉ះពាល់ឆ្លងព្រំដែន ហើយមិនមែនជារឿងឯកជនសម្រាប់ប្រទេសជប៉ុនតែឯងនោះទេ។ រដ្ឋបាលគយរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (២៤សីហា) នេះក្នុងការផ្អាកការនាំចូលផលិតផលជលផលទាំងអស់ របស់ប្រទេសជប៉ុនចាប់ពីថ្ងៃនេះតទៅ ហើយទីក្រុងហុងកុង និងម៉ាកាវក៏បានធ្វើដូចគ្នានេះដែរ។
លោក HAN DUCK-SOO នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយថា «ថ្ងៃនេះ រដ្ឋាភិបាលរបស់យើងរំពឹង និងជំរុញឱ្យរដ្ឋាភិបាលជប៉ុន បញ្ចេញព័ត៌មានប្រកបដោយតម្លាភាព និងការទទួលខុសត្រូវក្នុងអំឡុងពេលដំណើរការបញ្ចេញទឺក ដែលនឹងបន្តសម្រាប់រយៈពេល៣០ឆ្នាំខាងមុខនេះ»។
លោក MARK BROWN នាយករដ្ឋមន្រ្តីនៃប្រជុំកោះ Cook និងជាប្រធានប្រជុំកោះប្លុក PACIFIC បាននិយាយថា «ខ្ញុំជឿថាការបង្ហូរទឹកនេះ គឺត្រូវតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយលោកបន្ថែមថា បណ្ដាតំបន់នានាប្រហែលជាមិនយល់ស្របលើបញ្ហាស្មុគស្មាញនេះនោះទេ»។
ទន្ទឹមនឹងនោះ ក្រុមបាតុករជប៉ុនរាប់សិបនាក់ សកម្មជនកូរ៉េខាងត្បូង និងប្រជាជនហុងកុង បានប្រមូលផ្តុំគ្នាតវ៉ាចំពោះការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះផងដែរ៕

