G7៖ បណ្ដារដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសប្រជាធិបតេយ្យស្តុកស្តម្ភទាំង៧ឬG7 បានថ្កោលទោសចំពោះការបរាជ័យរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃព្រហស្បតិ៍ (២៤ សីហា) ដោយលើកហេតុផលថា កូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទិកដែលត្រូវបានហាមឃាត់។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននិយាយថា ទង្វើរបស់កូរ៉េខាងជើង «បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ»។
ការប៉ុនប៉ងលើកទី២ របស់កូរ៉េខាងជើងក្នុងការដាក់ផ្កាយរណបមេឃនៅលើគន្លងគោចរ បានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍ គឺរយៈពេលបីខែបន្ទាប់ពីការបាញ់បង្ហោះលើកដំបូងបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ។ រដ្ឋផ្តាច់ការដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ បាននិយាយបន្ទាប់មកថា ខ្លួននឹងព្យាយាមបាញ់បង្ហោះម្តងទៀតនៅក្នុងខែតុលា។
ផ្កាយរណបនេះ ត្រូវបានគេបញ្ជូនទៅកាន់គន្លងតារាវិថីក្នុងរ៉ុកែតជាដំណាក់កាលមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានឹងមីស៊ីលបាលិស្ទិក ដែលទីក្រុងព្យុងយ៉ាងត្រូវបានហាមឃាត់មិនឱ្យអភិវឌ្ឍ ក្រោមការសម្រេចរបស់អង្គការសហប្រជាជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈអ្នកនាំពាក្យរបស់លោក ដោយនិយាយថា លោក «ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបយោធាមួយផ្សេងទៀតរបស់កូរ៉េខាងជើង»៕


