
កំពង់ចាម៖ រដ្ឋបាល ខេត្តកំពង់ចាម បានប្រកាសពីការរកឃើញពលរដ្ឋដល់ទៅ ៧៧នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពួកគេប៉ះពាល់នឹងកម្មការិនីរោងចក្រមានផ្ទុកមេរោគនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៧៧នាក់នេះ សុទ្ធតែជាកម្មការិនីរោងចក្រ។
រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងទៀតថា កម្មការិនីទាំង ៧៧នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ស្ថិតនៅក្នុងបរិវេណនៃវិទ្យាល័យព្រះសីហនុ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ករណីឆ្លងថ្មីនេះ ត្រូវបានរកឃើញក្នុងចំណោមកម្មករកម្មការិនីដល់ទៅ ៣ ៤០៧នាក់ ដែលត្រូវបានធ្វើតេស្តសំណាកកាលពីថ្ងៃម្សិលមិញនេះ៕