ក្លិបបាល់ទាត់ Manchester City បានសំរេចក្នុងការនាំយកខ្សែបម្រើស្លាបប៊ែលហ្ស៊ិក Jeremy Doku ពីក្លិបបារាំង Rennes តម្លៃ ៥៥.៤ លានផោន។
កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំនៅ Etihad។
Jeremy Doku ដែលធ្លាប់បង្ហាញខ្លួន ១៦ ប្រកួតឱ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនោះ ទទួលបានអាវលេខ ១១ នៅ Manchester City និងក្លាយជាកីឡាករទី ៣ ដែលផ្លាស់មកកាន់ក្រុមរបស់លោក Pep Guardiola បន្ទាប់ពី Meto Kovacic ដែលផ្លាស់ពី Chelsea តម្លៃ ២៥ លានផោន និង Josko Gvardiol ផ្លាស់ពី Leipzig តម្លៃ ៧៧ លានផោន។

West Ham, Spurs និង Chelsea សុទ្ធតែចាប់អារម្មណ៍ក្នុងការផ្ទេរ Jeremy Doku ដែលស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ប្រកួតរដូវកាលមុនជាមួយ Rennes។
មុនផ្លាស់មកកាន់ City នេះ Jeremy Doku នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Rennes បន្ទាប់ពីផ្ទេរពី Anderlecht តម្លៃ ២២.៣ លានផោនកាលពីឆ្នាំ ២០២០ មុនពេលទទួលបានឱកាសកោះហៅចូលក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលើកដំបូងភ្លាមៗ៕ អត្ថបទ៖នាង សុភាវុធ