ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា មនុស្សដល់ទៅ ៦៥នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាកម្មករកម្មការិនីនៅឯស្រុកព្រៃនប់។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៦៥នាក់នេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
បើតាមសេចក្ដីជូនដំណឹងដដែលនេះ ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើកម្មករកម្មការិនីដល់ទៅ ៥០នាក់នៅឯភូមិពូធឿង ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។
ករណីឆ្លងថ្មីនេះ ក៏ត្រូវបានរកឃើញលើកម្មករកម្មការិនីចំនួន ៤នាក់ទៀតនៅឯរោងចក្រញូវស្តារ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុផងដែរ។
ចំណែកឯករណីឆ្លងចំនួន ៨នាក់ទៀត ត្រូវបានរកឃើញលើប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នានាក្នុងក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តនេះក៏កំពុងស្រាវជ្រាវរកមនុស្សផ្សេងទៀតដែលបានប្រាស្រ័យទាក់ទងនឹងមនុស្សទាំង ៦៥នាក់ដែលត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នេះ៕អត្ថបទ ៖ សុធី