កូរ៉េខាងជើង៖ មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូប បាននិយាយថា ប្រទេសកូរ៉េខាងជើង បានរិះគន់កិច្ចប្រជុំមួយនៅវិមានសម្រាកលំហែCamp David ក្នុងចំណោមសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនថា ជា«កំណែទម្រង់អាស៊ីនៃអង្គការណាតូ»ហើយបានប្តេជ្ញាចាត់វិធានការ«លើសលប់និងគ្រោងទុកមុន»ប្រឆាំងនឹងសម្ព័ន្ធភាពត្រីភាគីនេះ។
កាលពីថ្ងៃព្រហស្បតិ៍ នៅថ្ងៃដដែលនោះ ប្រទេសកូរ៉េខាងជើង បានបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកទីពីរក្នុងរយៈពេលបីខែ ដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងលោក កាង ស៊ុនណាម (Kang Sun Nam) បានចោទប្រកាន់មេដឹកនាំទីក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូថាមាន «មហិច្ឆតាលោភលន់ ដើម្បីគ្រប់គ្រងពិភពលោក» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។
បន្ទាប់មក លោកបាននិយាយថា ប្រទេសកូរ៉េខាងជើង នឹងមិនអត់ឲ្យចំពោះទង្វើអរិភាពយោធាប្រឆាំងនឹងរដ្ឋរបស់យើងទាល់តែសោះ ហើយ[នឹង]ចាត់វិធានការដ៏លើសលប់ និងគ្រោងទុកជាមុន ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំនេះ នេះបើយោងតាមកាសែតកូរ៉េខាងត្បូង Kyunghyang Shinmun (ក្យុងយ៉ាង ស៊ីនមុន)។
លោកកាង បានបន្ថែមថា«ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តនេះ គឺពិតជាមិនផ្លាស់ប្តូរ»៕


