អាហ្សង់ទីន៖ ក្រុមបាតុកររាប់ពាន់នាក់បានដើរតាមដងផ្លូវក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីថ្ងៃព្រហស្បតិ៍ (២៤សីហា) ដើម្បីទាមទារការគាំទ្របន្ថែមពីរដ្ឋាភិបាល នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរមុនការបោះឆ្នោតសកលខែតុលា។
ក្រុមអ្នកតវ៉ាបានកាន់ទង់ជាតិ និងកាន់ស្លាកសញ្ញានានា ហើយទាមទារធនធានបន្ថែមទៀតសម្រាប់កម្មវិធីសុខុមាលភាពសង្គម និងការផ្ដល់អាហារ ខណៈប្រជាជនកំពុងជួបផលលំបាកជាមួយកំណើនអតិផរណា ដែលបាននិងកំពុងធ្វើឱ្យមនុស្សកាន់តែច្រើនឡើងស្ថិតក្នុងភាពក្រីក្រ។
អាហ្សង់ទីនកំពុងប្រឈមមុខនឹងបញ្ហាអតិផរណាប្រចាំឆ្នាំ ដែលឥឡូវនេះស្ថិតនៅកម្រិត១១៣% ហើយធនាគារ JP Morgan សហរដ្ឋអាមេរិក បានប៉ាន់ស្មានថា អតិផរណានៅអាហ្សង់ទីនអាចឈានដល់កម្រិត១៩០% នៅចុងឆ្នាំនេះ។ តួលេខអត្រាអតិផរណាបីខ្ទង់នេះ បានធ្វើឲ្យប្រហែល ៤០% នៃចំនួនប្រជាជនអាហ្សង់ទីន ស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ។
ការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួនយ៉ាងខ្លាំងនាពេលថ្មីៗនេះ បានធ្វើឱ្យទំនិញកាន់តែឡើផងថ្លៃ ហើយបញ្ហាទាំងអស់នេះ កំពុងជំរុញឱ្យមានការប្រកួតប្រជែងបីផ្លូវដ៏អាក្រក់រួចទៅហើយសម្រាប់តំណែងបេក្ខជនប្រធានាធិបតី ដែលបច្ចុប្បន្នដឹកនាំដោយអ្នកនយោបាយសេរីនិយមជ្រុល លោក Javier Milei ដែលបានធ្វើឱ្យមានរលកនៃការខឹងសម្បារពីអ្នកបោះឆ្នោត ចំពោះបញ្ហាអតិផរណា និងផលលំបាកផ្សេងៗទៀត៕

