បណ្ដាមេដឹកនាំបរិស្ថានមកពី១៨៥ប្រទេស បានប្រមូលផ្តុំគ្នានៅទីក្រុង Vancouver ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមមូលនិធិគាំទ្រដល់ការអភិរក្សជាសកល ហើយអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការរួមចំណែកដើម្បីជួយបំពេញគោលដៅ រួមទាំងការការពារ ៣០% នៃផ្ទៃដី និងតំបន់ឆ្នេរនៅឆ្នាំ២០៣០ ផងដែរ។ កាណាដាបាននិយាយថា ខ្លួននឹងផ្ដល់ថវិកាចំនួន២០០លានដុល្លារកាណាដា (១៤៧,២០លានដុល្លារអាមេរិក) ហើយចក្រភពអង់គ្លេសបានរួមចំណែកចំនួន១០លានផោន (១២,៦០លានដុល្លារ)។
លោក David Cooper លេខាធិការប្រតិបត្តិស្តីទីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវសាស្រ្តចម្រុះបាននិយាយថា «ការចាប់ផ្តើមដំបូងនេះ បានដំណើរការយ៉ាងល្អ។ ឥឡូវនេះ យើងអំពាវនាវឲ្យមានការបេ្ដជ្ញាចិត្តបន្ថែមទៀត ពីបណ្ដាប្រទេសនានា និងប្រភបផ្សេងៗទៀត ដូចនេះហើយទើបគម្រោងដំបូងស្ថិតក្រោមមូលនិធិថ្មីនេះ អាចដាក់ដំណើរការបាននៅឆ្នាំក្រោយ»។ ក្រុមយុទ្ធនាការបរិស្ថាន Avaaz បាននិយាយថា មូលនិធិក្របខណ្ឌជីវចម្រុះសកលត្រូវការថវិកាចំនួន២០០លានដុល្លារ ពីម្ចាស់ជំនួយយ៉ាងហោចណាស់៣នាក់នៅខែធ្នូ ដើម្បីចាត់ទុកថាអាចដំណើរការបាន។
មូលនិធិ ដែលបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគ្រប់គ្រងនៅក្នុងមូលដ្ឋានបរិស្ថានសកល (GEF) ដែលជាយន្តការមួយត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវសាស្ត្រចម្រុះ និងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ ដែលបានផ្តល់ថវិកាជាង២៣ពាន់លានដុល្លារ ដល់គម្រោងបរិស្ថានចំនួនរាប់ពាន់ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ៕


