
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសថា បានបន្តរកឃើញប្រជាពលរដ្ឋ ១៤នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវ បានរកឃើញលើកម្មការិនីរោងចក្រហឺរ៉ាយហ្សិនចំនួន ៦នាក់ទៀត កម្មការិនីរោងចក្រតឹកហ្វក ១នាក់ និង 0៧នាក់ទៀត បានឆ្លងបន្តពីកម្មការិនីរោងចក្រទាំងនេះ។
កម្មករកម្មការិនីជាច្រើននាក់ នៅរោងចក្រហឺរ៉ាយហ្សិន ដែលស្ថិតក្នុងស្រុកកំពង់ត្រឡាច ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ជាបន្តបន្ទាប់ ដែលជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវបិទផ្អាកដំណើរការរោងចក្រនេះជាបណ្ដោះអាសន្ន។
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់បន្ថែមថា ពលរដ្ឋឆ្លងមេរោគកូវីដ-១៩ទាំង ១៤នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ស្ថិតក្នុងបរិវេណនៃវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។
គិតត្រឹមថ្ងៃនេះ ខេត្តកំពង់ឆ្នាំងរកឃើញមនុស្សសរុប ១៨៣នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះអ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ បានស្លាប់។
រដ្ឋបាលខេត្តនេះ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩សរុប ៣១នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានអ្នកជាសះស្បើយថ្មីចំនួន ២នាក់ទៀត ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ១៥០នាក់ទៀតកំពុងស្ថិតក្រោមការព្យាបាលបន្ត៕