ហៃទី៖ យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ បន្ទាប់ពីជនអន្ធពាលមួយក្រុម បានបាញ់ប្រហារទៅលើការតវ៉ាដែលដឹកនាំដោយព្រះវិហារនៅជាយក្រុងមួយនៃប្រទេសហៃទី កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រុមសិទ្ធិមនុស្សក្នុងតំបន់។
លោកស្រី Marie Yolène Gilles នាយកអង្គការសិទ្ធិមនុស្ស Fondasyon Je Klere (ហ្វុងដាសយ៉ុង ជេ ឃ្លា) បានថ្លែងប្រាប់សារព័ត៌មានCNNថា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាដោយមេដឹកនាំព្រះវិហារគ្រិស្តសាសនា ដើរដង្ហែក្នុងទីក្រុងកាណាអាន (Canaan) ជាយក្រុងភាគខាងជើងនៃរដ្ឋធានីព័រអូប្រាំង (Port-au-Prince) ហើយបានប្រមូលផ្តុំគ្នាប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជនអន្ធពាល នៅពេលដែលក្រុមជនអន្ធពាលក្នុងតំបន់ បានបើកការបាញ់ប្រហារដោយកាំភ្លើងយន្ត។
នាយកមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវផ្នែកសិទ្ធិមនុស្ស លោកហ្គេដេអុង ហ្សង់ ( Gédéon Jean) បានថ្លែងថា ចំនួនអ្នកស្លាប់ទំនងជាខ្ពស់ជាងនេះ ដោយសារមានអ្នកកាន់សាសនាគ្រិស្តជាច្រើននៅកន្លែងហែក្បួននោះ។
លោកហ្សង់ បាននិយាយថា៖«មានទទួលខុសត្រូវទ្វេដងដែលត្រូវបង្កើតឡើង គឺការទទួលខុសត្រូវរបស់បព្វជិត ដែលបានយកមនុស្សស្លូតត្រង់ទាំងនេះទៅកន្លែងពិឃាត ហើយជាពិសេស គឺអាជ្ញាធរតុលាការ និងនគរបាលដែលមិនបានទប់ស្កាត់បញ្ហានេះ»។


