ជើងឯកប្រណាំង Formula One ពិភពលោក ២ សម័យ Max Verstappen ទីបំផុតអាចតាមស្មើកំណត់ត្រារបស់កីឡាករអាល្លឺម៉ង់ Sebastian Vettel បានហើយក្នុងការឈ្នះ ៩ ទីលានជាប់គ្នា បន្ទាប់ពីជ័យជំនះនៅទីលាន Zandvoort ប្រទេសហូឡង់ដែលជាទឹកដីរបស់ខ្លួន។
ចាប់ផ្តើមបានត្រឹម ១ ជុំក៏មានភ្លៀងធ្លាក់ខណៈដែលការនាំមុខរបស់ Max Verstappen ក៏បានបាត់បង់តែមិនយូរប៉ុន្មានទេ និងបានត្រលប់មកនាំមុខវិញនៅជុំទី ២២ ក្នុងចំណោម ៧២ ជុំ។

កីឡាកររបស់ក្រុម Red Bull រូបនេះក៏បានមកដល់ទីព្រ័ត្រមុនគេដើម្បីក្តោបយកជ័យជំនះទី ១១ នៃ ១៣ ប្រកួតរដូវកាលនេះ តាមពីក្រោយដោយជើងឯក ២ សម័យផងដែររបស់ក្រុម Aston Martin, Fernando Alonso បានលេខ ២ និងលេខ ៣ កីឡាករបារាំង Pierre Gasly ឡើងពីលេខ៤ មកវិញ បន្ទាប់ពីអ្នកលេខ ៣ Sergio Perez ត្រូវពិន័យ ៥ វិនាទី។
ជ័យជំនះនៅពេលនេះគឺជា Hat-Trick ឈ្នះ ៣ ឆ្នាំជាប់គ្នានៅទីលាន Zandvoort នេះដែរចាប់តាំងពីទីលានចំណាស់នៅហូឡង់នេះវិលត្រលប់មកក្នុងកាលវិភាគរបស់ F1 វិញនៅឆ្នាំ ២០២១។
Max Verstappen នៅពេលនេះបន្តពន្លាតការនាំមុខក្នុងតារាងជើងឯកពិភពលោកដាច់អ្នកលេខ ២ មិត្តរួមក្រុម Sergio Perez ឡើងដល់ ១៣៨ ពិន្ទុ និងលេខ ៣ គឺ Fernando Alonso។
សូមរំលឹកថាកីឡាករអាល្លឺម៉ង់ Sebastian Vettel ដែលចូលនិវត្តន៍ទៅហើយ គឺជាកីឡាករម្នាក់គត់ដែលឈ្នះ ៩ ទីលានជាប់គ្នាគិតមកដល់ពេលនេះ ពោលគឺកំណត់ត្រានេះធ្វើបាននៅឆ្នាំ ២០១៣ នៅពេលគ្រងជើងឯកពិភពលោកលើកទី ៤៕ អត្ថបទ៖នាង សុភាវុធ
