បន្ទាប់ពីលាលែងពីតំណែងនៅក្រុមជម្រើសជាតិអ៊ីតាលីមិនទាន់បានមួយខែផងលោក Roberto Mancini ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីនៃក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត។
បុរសវ័យ ៥៨ ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក Euro ២០២០ ដោយយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៅកីឡដ្ឋាន Wembley របស់អង់គ្លេស។
មិនតែប៉ុណ្ណោះអ៊ីតាលីក៏បានបំបែកកំណត់ត្រាពិភពលោក ក្រោយលេងមិនចាញ់សោះ ៣៧ ប្រកួតជាប់គ្នា តែនៅតែមិនអាចមានកៅអីនៅ World Cup ២០២២ នៅកាតាឆ្នាំមុន។
អារ៉ាប៊ីសាអ៊ូឌីតក្រោមការដឹកនាំរបស់លោក Herve Renard កន្លងមកបានយកឈ្នះអាហ្សង់ទីនប្រកួតដំបូងក្នុងពូលនៅ World Cup ឆ្នាំមុនគួរឱ្យភ្ញាក់ផ្អើល តែមិនអាចឆ្លងផុតវគ្គចែកពូលឡើយ។

លោក Roberto Mancini បានសំរេចចុះហត្ថលេខាដឹកនាំក្រុមអារ៉ាប៊ីសាអ៊ូឌីតដល់ឆ្នាំ ២០២៧ ហើយការប្រកួតក្នុងតំណែងដំបូងគឺដឹកនាំក្រុមប្រកួតមិត្តភាពនៅថ្ងៃទី ៨ ខែកញ្ញាខាងមុខទល់នឹងកូស្តារីកានៅកីឡដ្ឋាន St. James Park របស់ Newcastle។
រំលឹកដែរថាលោក Mancini ធ្លាប់ដឹកនាំ Manchester City ឈ្នះជើងឯក English Premier League លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបកាលពីឆ្នាំ ២០១២ ហើយក៏ធ្លាប់ចំណាយពេលដឹកនាំក្លិបអាជីពមួយចំនួនទៀតដូចជា Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St. Petersburg៕ អត្ថបទ៖នាង សុភាវុធ