អ៊ីរ៉ង់៖ នៅពេលគេសួរអំពីរបាយការណ៍ទាក់ទងនឹងទីក្រុងតេអេរ៉ង់ដែលកាត់បន្ថយការចម្រាញ់៦០ភាគរបស់ខ្លួន ប្រធាននុយក្លេអ៊ែរ លោក ម៉ូហាម៉េដ អ៊ីស្លាមី (Mohammad Eslami) បាននិយាយកាលពីថ្ងៃអាទិត្យថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ នៅតែបន្តផ្អែកលើក្របខណ្ឌដែលបង្កើតឡើងដោយសភារបស់ប្រទេសនេះ។
លោកអ៊ីស្លាមី បាននិយាយដោយសំដៅទៅលើច្បាប់ពាក់ព័ន្ធមួយថា៖ «ការពង្រឹងនុយក្លេអ៊ែររបស់យើងនៅបន្តដោយផ្អែកលើច្បាប់ក្របខ័ណ្ឌយុទ្ធសាស្ត្រ»។
កាលពីដើមខែនេះ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបន្ថយល្បឿនយ៉ាងខ្លាំងដែលខ្លួនកំពុងប្រមូលផ្តុំសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ជិតឈានដល់កម្រិតផលិតអាវុធបាន ហើយបានកាត់បន្ថយឃ្លាំងស្តុកទុកមួយចំនួន ជាចំណាត់ការដែលអាចជួយបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងស្តារកិច្ចចរចាឲ្យកាន់តែទូលំទូលាយឡើងវិញអំពីការងារនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ក្នុងឆ្នាំ ២០២០ សភាដ៏រឹងរ៉ឹងរបស់ប្រទេសអ៊ីរ៉ង់ បានអនុម័តច្បាប់ដែលតម្រូវឲ្យរដ្ឋាភិបាលចាត់វិធានការដូចជាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើសពីដែនកំណត់ ដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ទីក្រុងតេអេរ៉ង់ ប្រសិនបើភាគីផ្សេងទៀត មិនអនុវត្តតាមកិច្ចព្រមព្រៀងនេះទាំងស្រុងនោះ៕

