វៀតណាម៖ សារព័ត៌មានរដ្ឋ Thanh Nien ( ថាច់ នៀន) បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៨សីហា)ថា មនុស្ស៤នាក់បានស្លាប់ ក្នុងការបាក់រលំអណ្តូងរ៉ែធ្យូងថ្មនៅក្នុងមជ្ឈមណ្ឌលរុករករ៉ែ Quang Ninh ប្រទេសវៀតណាម។
សារព័ត៌មាន Thanh Nien បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯទីតាំងអណ្តូងរ៉ែមួយ ដែលដំណើរការដោយក្រុមហ៊ុនធ្យូងថ្ម Vang Danh ដែលជាអង្គភាពនៃក្រុមហ៊ុនរុករកធ្យូងថ្មរដ្ឋវៀតណាម Vinacomin ។ ក្រុមសង្គ្រោះបានទាញយកសាកសពកម្មកររ៉ែចំនួន៤នាក់ពីទីនោះ។
សារព័ត៌មាននោះមិនបានប្រាប់ពីមូលហេតុនៃការបាក់រលំនោះទេ។ កាលពីខែមីនា ឧបទ្ទវហេតុស្រដៀងគ្នានេះបានកើតឡើងនៅអណ្តូងរ៉ែដែលធ្វើការនៅអណ្ដូងរ៉ែ Vang Danh ប៉ុន្តែគ្មាននរណាម្នាក់ស្លាប់ទេ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែពឹងផ្អែកភាគច្រើនលើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មជាប្រភពថាមពល។ ក្រុមហ៊ុនធ្យូងថ្ម Vinacomin បាននិយាយកាលពីឆ្នាំមុនថា គ្រោះថ្នាក់អណ្តូងរ៉ែបានសម្លាប់កម្មករអណ្តូងរ៉ែយ៉ាងហោចណាស់១៧នាក់ក្នុងរយៈពេល៩ខែដំបូងកាលពីឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម៕

