
ទូរទស្សន៍រដ្ឋស្វីស RSIរាយការណ៍ថា រថក្រោះ Leopard 1 ផលិតនៅប្រទេសស្វីសជិត ១០០គ្រឿង បានស្តុកនៅកណ្តាលវាលនៅក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីការបដិសេធន៍របស់ប្រទេសស្វីសក្នុងការអនុញ្ញាតឲ្យមានការផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន ។
ក្រុមហ៊ុនស្វីស RUAGដែលគ្រប់គ្រងរថក្រោះ ចង់លក់រថក្រោះទាំងអស់នេះ ទៅឲ្យអាល្លឺម៉ង់សម្រាប់អ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលស្វីសរារាំងការលក់នេះ ។
កាលពីដើមរដូវក្តៅនេះ កាសែត European Pravda រាយការណ៍ថា រថក្រោះ Leopard 1មិនទាន់ប្រតិបត្តការ ៩៦គ្រឿង ដែលគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើទំនើបកម្ម និងចែកចាយទៅឲ្យអ៊ុយក្រែន ត្រូវបានរារាំងដោយរដ្ឋាភិបាលស្វីស ពាក់ព័ន្ធនឹងគោលនយោបាយអព្យាក្រឹត ។ រូបភាពសន្លឹកពីទូរទស្សន៍ RSIឃើញរថក្រោះទាំងអស់នេះ បន្តចតចោលនៅក្នុងប្រទេសអ៊ីតាលី ។
នៅក្នុងសុន្ទរកថាទៅកាន់សភាស្វីសកាលពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyបាននាំយកការជជែកដេញដោលនៅក្នុងសភាស្វីស លើការនាំចេញឡើងវិញកាំភ្លើងធំស្វីស ដោយលោកបាននិយាយរំឭកពីតម្រូវការផ្ទាល់ខ្លួនរបស់អ៊ុយក្រែនលើជំនួយយោធា ។
យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ RSIបានឲ្យដឹងថា ប្រទេសជាច្រើនរួមទាំង អាល្លឺម៉ង់ ហូឡង់ និងដាណឺម៉ាក មានគម្រោងទិញរថក្រោះ Leopard 1ពីក្រុមហ៊ុន RUAG រួចចែកចាយវាទៅកាន់ប្រទេសអ៊ុយក្រែន ៕