
ប្រទេសរុស្ស៊ី ឃើញមានការងើបឡើងវិញនៃវិស័យទេសចរណ៍អន្តរជាតិ ខណៈដែលអ្នកទេសចរបរទេសជិត ២០០.០០០នាក់ បានមកដល់រុស្ស៊ី ក្នុងឆមាសទី១នៃឆ្នាំនេះ ពោលគឺកើនឡើង ១៣០ភាគរយ បើធៀបនឹងឆ្នាំមុន។
ទីក្រុង Saint Petersburg ដែលទាក់ទាញបានអ្នកមកលេងកម្សាន្តរាប់សែននាក់ជារៀងរាល់ឆ្នាំ ដើម្បីមកគយគន់មើលភាពស្រស់ស្អាត និងភាពអស្ចារ្យរបស់ទីក្រុងនេះ ធ្លាប់រងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិ នៅអ៊ុយក្រែន។ តែឥឡូវនេះ វិស័យទេសចរណ៍នៅក្នុងទីក្រុងនេះ កំពុងចាប់ផ្ដើមកម្រើកឡើងវិញហើយ ខណៈដែលមហាវិថី Nevsky កំពុងមានភាពអ៊ូអរទៅដោយអ្នកដើរលេងកម្សាន្ត។ លំហូរនៃភ្ញៀវទេសចរនេះ បាននាំមកនូវប្រាក់ចំណូលជាទីពេញចិត្តពេញសម្រាប់ម្ចាស់សណ្ឋាគារ នៅមូលដ្ឋាន។
តួលេខផ្លូវការ បង្ហាញឲ្យឃើញពីភាពប្រសើរឡើងលើសពីមួយឆ្នាំមុន ដែលអាចនឹងត្រូវបានសន្មតិថា អ្នកទេសចរមួយចំនួន មិនបានគិតពីស្ថានភាព ដែលមាននាពេលបច្ចុប្បន្ន នៅខាងក្នុង និងជុំវិញប្រទេសរុស្ស៊ីនោះឡើយ។ ហើយនិន្នាការវិជ្ជមាននេះ នៅតែបន្តកើតមាន ទោះបីជាផ្លូវដឹកជញ្ជូនជាច្រើន រវាងរុស្ស៊ី និងលោកខាងលិចនៅតែត្រូវបានរំខានក៏ដោយ។
ភ្ញៀវទេសចរលោកខាងលិច នៅរុស្ស៊ី កំពុងត្រូវបានជំនួសដោយអ្នកទេសចរមកពីប្រទេសនានាវិញ ដោយក្នុងនោះរួមទាំងឥណ្ឌា បណ្តាប្រទេសអារ៉ាប់ និងអ៊ីរ៉ង់ ក្នុងល្បឿនយឺត ប៉ុន្តែស្ថិរភាព។ តែទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកទេសចរបរទេស នៅតែទាបជាងកម្រិតមុនមានជំងឺរាតត្បាតកូវីដ-១៩ ដដែល៕