កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (២៩សីហា)នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពង្រឹងកងកម្លាំងជើងទឹករបស់ប្រទេស ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្វែរដែនទឹកនៅជិតឧបទ្វីបកូរ៉េទៅជា «ដែនទឹកដែលមិនស្ថិតស្ថេរបំផុតជាមួយនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ»។
នៅក្នុងសុន្ទរកថាមួយដើម្បីប្រារព្ធទិវាកងទ័ពជើងទឹក លោក គីម បាននិយាយថា «មេក្រុមជនអន្ធពាល» របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានប្រកាសធ្វើសមយុទ្ធយោធារួមគ្នាជាទៀងទាត់ ដោយជាក់ស្តែងសំដៅទៅលើកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃទី១៨ ខែសីហានៅឯវិមានសម្រាកលំហែ Camp David នៅរដ្ឋMaryland សហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំផ្ទាល់ខ្លួនលើកដំបូងរវាងមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុននោះ អ្នកទាំងបីបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ខណៈដែលពួកគេស្វែងរកការរួបរួមក្នុងការប្រឈមមុខនឹងការរីកលូតលាស់នៃអំណាចរបស់ប្រទេសចិន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក គីម បាននិយាយថា ប្រទេសកូរ៉េខាងជើង ទាមទារឱ្យកងទ័ពជើងទឹករបស់ខ្លួន រក្សាការត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាម ដែលជា «ការប្រុងប្រយ័ត្នជានិច្ច» ហើយបានអំពាវនាវឱ្យធ្វើ «ទំនើបកម្ម» សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍របស់ខ្លួនបន្ថែមទៀតផងដែរ៕

