ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សាលើសំណើររបស់គបក្សប្រជាជនកម្ពុជា ដែលបានសុំធ្វើការផ្លាស់ប្តូរតំណាងរាស្រ្តរបស់ខ្លួនចំនួន២៩រូប និងពិភាក្សាលើរបៀបវារៈមួយចំនួនទៀត។
យោងតាមលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំបានកំណត់កាលបរិច្ឆេទយកថ្ងៃទី៣១ ខែសីហា ខាង មុខនេះបើកសម័យប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាលើសំណើរសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជាចំនួន ២៩រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ហើយការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង២៩រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើនេះក៏បានអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូបសម្រាប់ជំនួសឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាពកាលពីកន្លងទៅថ្មីៗនេះផងដែរ។ ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ចំនួន៣រូបផងដែរ ក្នុងនោះមាន ឯកឧត្តម ឃុត ចាន់ដារ៉ា អាយុ ៤២ឆ្នាំ, ឯកឧត្តម ម៉ាត់ សេត អាយុ ៤២ឆ្នាំ, និង ឯកឧត្តម សេង ញ៉ក់ អាយុ ៤៣ឆ្នាំ៕ អត្ថបទ៖ បាន ចក់




