រលកកម្ដៅដ៏ខ្លាំងក្លាមួយទៀតបានវាយប្រហារទៅលើទីក្រុង Phoenix រដ្ឋអារីហ្សូណា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់កម្រិត១១៦អង្សាហ្វារិនហៃ (៤៦,៦ អង្សាសេ) កាលពីថ្ងៃច័ន្ទ (២៨ សីហា)។

ការជូនដំណឹងអំពីរលកកម្ដៅថ្មី ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីការធូរស្បើយ ដែលអ្នកស្រុកត្រូវការជាខ្លាំងបន្ទាប់ពីមានសីតុណ្ហភាពលើសពី១១០អង្សាហ្វារិនហៃ (៤៣ អង្សាសេ) រយៈពេល៣១ថ្ងៃពេញមួយខែកាលពីខែកក្កដា។
លោក Alex Young ដែលជាអ្នកឧតុនិយមនាំមុខគេនៅការិយាល័យសេវាកម្មអាកាសធាតុជាតិទីក្រុង Phoenix បាននិយាយថា រដូវក្តៅនេះកំពុងប្រជែងនឹងកំណត់ត្រាក្តៅបំផុតក្នុងឆ្នាំ២០២០។ លោកបាននិយាយថា «បើនិយាយពីអ្វីដែលយើងដឹងជាមួយនឹងរយៈពេលនៃកំណត់ត្រា រលកកម្ដៅនៅរដូវក្តៅនេះ ជាពិសេសខែកក្កដា និងខែសីហា គឺជាកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក»។
លោក Charles Harris ជាអ្នករស់នៅរដ្ឋអារីហ្សូណា បានស៊ាំនឹងកម្ដៅរដូវក្តៅដ៏ក្ដៅគគុកនេះហើយ។ លោកបន្តដើរឡើងភ្នំជារៀងរាល់ថ្ងៃ បើទោះបីជាមានការណែនាំពីក្រុមមន្ត្រីឱ្យស្នាក់នៅក្នុងលំនៅឋានអំឡុងពេលសីតុណ្ហភាពក្តៅបំផុតក៏ដោយ។ លោក Harris បាននិយាយថា លោកបានស៊ាំនឹងកម្ដៅនេះហើយ ប៉ុន្តែអ្នកទេសចរណ៍យល់ថាបញ្ហាកម្ដៅកាន់តែពិបាកដោះស្រាយឡើងថែមទៀត៕
