គ្រូបង្វឹកនៃក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតថ្មីលោក Roberto Mancini បានដាក់គោលដៅក្នុងការដណ្តើមជើងឯក AFC Asian Cup ជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំសម្រាប់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត។
ការលើកឡើងបែបនេះធ្វើឡើងក្នុងសន្និសីតសារព័ត៌មានផ្លូវការ បង្ហាញគ្រូបង្វឹកថ្មីដោយសហព័ន្ធកីឡាបាល់ទាត់ អារ៉ាប៊ីសាអ៊ូឌីត SAFF នៅរាជធានី Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្ងៃចន្ទម្សិលមិញ។
បុរសវ័យ ៥៨ ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក Euro ២០២០ ដោយយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៅកីឡដ្ឋាន Wembley របស់អង់គ្លេស។
មិនតែប៉ុណ្ណោះអ៊ីតាលីក៏បានបំបែកកំណត់ត្រាពិភពលោក ក្រោយលេងមិនចាញ់សោះ ៣៧ ប្រកួតជាប់គ្នា តែនៅតែមិនអាចមានកៅអីនៅ World Cup ២០២២ នៅកាតាឆ្នាំមុន។
អារ៉ាប៊ីសាអ៊ូឌីតក្រោមការដឹកនាំរបស់លោក Herve Renard កន្លងមកបានយកឈ្នះអាហ្សង់ទីនប្រកួតដំបូងក្នុងពូលនៅ World Cup ឆ្នាំមុនគួរឱ្យភ្ញាក់ផ្អើល តែមិនអាចឆ្លងផុតវគ្គចែកពូលឡើយ។
លោក Roberto Mancini បានសំរេចចុះហត្ថលេខាដឹកនាំក្រុមអារ៉ាប៊ីសាអ៊ូឌីតដល់ឆ្នាំ ២០២៧ ហើយការប្រកួតក្នុងតំណែងដំបូងគឺដឹកនាំក្រុមប្រកួតមិត្តភាពនៅថ្ងៃទី ៨ ខែកញ្ញាខាងមុខទល់នឹងកូស្តារីកានៅកីឡដ្ឋាន St. James Park របស់ Newcastle។
រំលឹកដែរថាលោក Mancini ធ្លាប់ដឹកនាំ Manchester City ឈ្នះជើងឯក English Premier League លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបកាលពីឆ្នាំ ២០១២ ហើយក៏ធ្លាប់ចំណាយពេលដឹកនាំក្លិបអាជីពមួយចំនួនទៀតដូចជា Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St. Petersburg៕ អត្ថបទ៖នាង សុភាវុធ

