សិង្ហបុរី ៖ នគរបាលបាននិយាយនៅថ្ងៃអង្គារ (២៩ សីហា) នេះថា ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនៅក្នុងករណីនៃការប្រព្រឹត្តមិនត្រឹមត្រូវលើកុមារ។ នគរាលបាននិយាយថា ពួកគេបានទទួលរបាយការណ៍មួយកាលពីថ្ងៃច័ន្ទ (២៨សីហា) វេលាម៉ោង១:០៤នាទីរសៀល (ម៉ោងក្នុងស្រុក) ដោយចង្អុលទៅវីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតរបស់គ្រូមត្តេយ្យសិក្សាម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានធ្វើបាបកុមារតូចៗ។
វីដេអូចំនួនបីនៃការប្រាស្រ័យទាក់ទងរបស់គ្រូបង្រៀនម្នាក់នោះជាមួយកុមារនៅអ្វីដែលហាក់ដូចជាសាលាមតេ្តយ្យមួយឈ្មោះថា Woodlands Mart បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្ហាញពីការមើលថែកុមារដោយការធ្វើបាបពួកគេ។ ចាប់តាំងពីពេលនោះមក គ្រូបង្រៀនរូបនោះត្រូវបានគេបណ្តេញចេញពីសាលារៀន។
តាមរយៈការស៊ើបអង្កេតតាមដាន នគរបាលបានកំណត់អត្តសញ្ញាណស្ត្រីនោះហើយបានចាប់ខ្លួន។ ស្ត្រីរូបនេះ នឹងត្រូវចោទប្រកាន់នៅតុលាការនៅថ្ងៃពុធ (៣០សីហា)នេះ ពីបទប្រព្រឹត្តអំពើទុច្ចរិតលើកុមារ ឬមនុស្សវ័យក្មេង។
ប្រសិនបើរកឃើញថាមានកំហុស នាងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅប្រាំបីឆ្នាំ និងពិន័យជាប្រាក់រហូតដល់ទៅ៨.០០០ដុល្លារសិង្ហបុរី (៥.៩០០ ដុល្លារ) ផងដែរ៕

