ខ្សែបម្រើ Wolverhampton, Matheus Nunes មិនបានចូលរួមហ្វឹកហាត់ជាមួយក្លិបឡើយដោយមានបំណងចង់ផ្លាស់ទៅកាន់ Manchester City។
ក្រុមនាំមុខគេនៅ Premier League បច្ចុប្បន្ន Manchester City បានដាក់សំណើ ៤៧ លានផោនចង់បានកីឡាករវ័យ ២៥ ឆ្នាំព័រទុយហ្កាល់រូបនេះកាលពីសប្តាហ៍មុន តែសំណើនោះត្រូវបាន Wolves បដិសេធ។
យ៉ាងណាក្តី Wolves ត្រូវបានគេរំពឹងថានឹងសុំតម្លើងថ្លៃផ្ទេរនេះ មុនពេលទីផ្សារទិញដូរកីឡាករបិទបញ្ចប់នៅថ្ងៃសុក្រខាងមុខនេះពោលគឺតម្លៃ ៦០ លានផោនអាចនឹងព្រមព្រៀង។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបមកដល់ Wolves ពី Sporting Lisbon រដូវកាលមុនក្នុងតម្លៃផ្ទេរ ៣៨ លានផោនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិប និងបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំ។

Man City កំពុងរកអ្នកបំពេញចំនុចខ្វះខាតនៅតំបន់បម្រើកណ្តាល បន្ទាប់ពីកីឡាករនាំលេងប៊ែលហ្ស៊ិក Kevin de Bruyne មានរបួសត្រូវសម្រាកយ៉ាងហោចណាស់ ៤ ខែ។
City ថែមទាំងចាប់អារម្មណ៍ខ្សែបម្រើស្លាប Crystal Palace ផងដែរគឺកីឡាករវ័យ ២៥ ឆ្នាំ Eberechi Eze ដែលទើបបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសលើកដំបូងកាលពីខែមិថុនា។
សម្រាប់ Wolverhampton រដូវក្តៅនេះបានលក់ចេញប្រធានក្រុម Ruben Neves ទៅ Al-Hilal តម្លៃ ៤៧ លានផោន និងខ្សែប្រយុទ្ធ Raul Jimenez ទៅកាន់ Fulham តម្លៃ ៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ
