ក្រិក៖ យោងទៅតាមការិយាល័យបម្រែបម្រួលអាកាសធាតុ Copernicus គាំទ្រដោយសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី២៩ ខែសីហា បានឲ្យដឹងថាចំហេះព្រៃដែលកំពុងឆាបឆេះនៅប្រទេសក្រិកភាគឦសានរយៈពេល១៥ថ្ងៃ បានបំផ្លា្ញញតំបន់មួយធំជាងទីក្រុងញ៉ូវយ៉ក។ ដោយត្រូវបានបង្កឡើងដោយខ្យល់បោកបក់មានកម្លាំងសន្ទុះខ្លាំង និងអាកាសធាតុក្តៅ ចំហេះដែលបានចាប់ផ្តើមនៅជិតទីក្រុង អាឡិចសានដ្រូប៉ូលីស(Alexandroupolis) បានរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ Evros ។ ចំហេះនេះបានបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់កាលពីសប្តាហ៍មុន ដែលធ្វើឲ្យចំហេះនេះឆក់យកជីវិតមនុស្សច្រើនបំផុតនៅអឺរ៉ុបក្នុងរដូវក្តៅនេះ។ អ្នកនាំពាក្យស្នងការអឺរ៉ុប បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងផ្តល់ជំនួយបន្ទាន់របស់ស្ថាប័ននេះ។ គួឲ្យកត់សំគាល់ខ្លាំងបំផុតនៅក្នុងតំបន់ អាឡិចសានដ្រូប៉ូលីស(Alexandroupolis) ប្រទេសក្រិក ដែលយើងកំពុងប្រឈមមុខចំហេះព្រៃធំបំផុតមិនធ្លាប់មានដែលបានកត់ត្រានៅសហភាពអឺរ៉ុប។ នៅក្នុងបរិបទនេះ យើងបានដាក់ពង្រាយយន្តហោះ១២គ្រឿងមកពីកងក្រុមសង្គ្រោះរួមគ្នាដែលមានអ្នកពន្លត់អគ្គិភ័យជាង៤០០នាក់និងរថយន្ត៦០គ្រឿង។ យន្តហោះ និងក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់មកពីប្រទេសស៊ែរប៊ី ស្លូវ៉ាគី សាធារណរដ្ឋឆែក និងប្រទេសអាល់បានី កំពុងប្រយុទ្ធទប់ទល់នឹងអណ្តាតភ្លើង។ មេបញ្ជាការសាធារណៈរដ្ឋឆែក លោក Jiri Nemcik និយាយថា វាពិតជាលំបាកខ្លាំងដោយយោងទៅតាមសីតុណ្ហភាព ខ្យល់ និងទំហំ ឬកន្លែងចន្លោះនៅកន្លែងមានអគ្គិភ័យ។ ការិយាល័យគ្រប់គ្រងគ្រោះអាសន្ន Copernicus បាននិយាយថា អគ្គិភ័យបានបំផ្លាញលើផ្ទៃដីយ៉ាងហោចណាស់ ៣១០ម៉ាយស៍ក្រឡា។ ទីក្រុងញ៉ូវយ៉កមានទំហំ៣០០.៥ម៉ាយក្រឡា។ អ្នកស្លាប់ទាំងអស់លើកលែងតែម្នាក់ ត្រូវបានគេសន្និដ្ឋានថាជាជនអន្តោប្រវេសន៍ដែលឆ្លងកាត់មកពីប្រទេសទួរគី។ អាជ្ញាធរព្រួយបារម្ភថាសាកសពបន្ថែមទៀត អាចត្រូវបានរកឃើញនៅពេលអណ្តាតភ្លើងត្រូវបានពន្លត់ ខណៈតំបន់ Evros ពេញនិយមក្នុងការឆ្លងកាត់ចូលទៅអឺរ៉ុបសម្រាប់ជនអន្តោប្រវេសន៍និងជនភៀសខ្លួនរាប់ពាន់នាក់ជារផងរាល់ឆ្នាំ។ ចំហេះព្រៃនៅរដូវក្តៅ គឺជារឿងធម្មតានៅក្នុងប្រទេសក្រិក ប៉ុន្តែរដ្ឋាភិបាល និយាយថា ស្ថានភាពអាកាសធាតុក្តៅខ្លាំង ដែលក្រុមអ្នកវិទ្យាសាស្ត្រពាក់ព័ន្ធទៅនឹងបម្រែបម្រួលអាកាសធាតុ និយាយថាវាកាន់តែធ្ងន់ធ្ងរនៅឆ្នាំនេះ៕

