អាមេរិក៖រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Gina Raimondo និយាយនៅថ្ងៃពុធនេះថា ការទំនាក់ទំនងបន្ថែមទៀត ត្រូវការចាំបាច់រវាងចិន និងសហរដ្ឋអាមេរិក ហើយប្រទេសទាំង ២ បានយល់ព្រមចាប់ផ្តើមឲ្យក្រុមការងារបញ្ហាពាណិជ្ជកម្មជួបគ្នាច្រើនលើកនៅក្នុងឆ្នាំនេះ ។
ពេលផ្តល់អនុសាសន៍នៅកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិកក្នុងទីក្រុងសៀងហៃ លោកស្រី Raimondo បន្តថា សហរដ្ឋអាមេរិក និងចិន មាននូវទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់ និងទ្រង់ទ្រាយធំ ។
លោកស្រី Raimondo គឺជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកដំបូងគេបំពេញទស្សនកិច្ចមកកាន់ចិនក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ហើយនិងជាមន្រ្តីចុងក្រោយគេរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ធ្វើដំណើរមកកាន់ប្រទេសមួយនេះ ដើម្បីពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របពេលដែលជម្លោះរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ធ្វើឲ្យរង្គោះរង្គើរដល់ទំនាក់ទំនងពាណិជ្ជកម្ម ។
លោកស្រី Raimondoនឹងបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសចិន ហើយកាលពីថ្ងៃចន្ទ លោកស្រីបានជួបជាមួយសមភាគីចិនលោក Wang Wentao នៅក្នុងទីក្រុងប៉េកាំង ៕

