មេបញ្ជាការកងទ័ពស៊ូដង់លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan បានធ្វើដំណើរទៅដល់ទីក្រុងតំបន់ឆ្នេរ El Alamein របស់ប្រទេសអហ្ស៊ីបកាលពីថ្ងៃអង្គារ ដើម្បីជួបជាមួយលោកប្រធានាធិបតី Abdel Fattah al-Sisi ។
វាគឺជាលើកដំបូងហើយដែលលោក Burhan បានចាកចេញពីប្រទេសស៊ូដង់ ចាប់តាំងពីជម្លោះបានផ្ទះឡើងជាមួយកងកម្លាំងគាំទ្ររហ័ស( RSF)កាលពីថ្ងៃទី ១៥ ខែមេសា ។
គួរឲ្យដឹងថា ប្រទេសអេហ្ស៊ីបបានសន្យាសម្របសម្រួលរវាងភាគីបង្កសង្រ្គាមនៅប្រទេសស៊ូដង់ ដែលជាកិច្ចខិតខំអន្តរជាតិជាបន្តបន្ទាប់ដើម្បីការពារសង្រ្គាមស៊ីវិលរយៈពេលយូរ ហើយនិងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែលិចលង់ខ្លាំងណាស់ ។
នៅក្នុងសុន្ទរកថាទៅកាន់ទាហានកាលពីថ្ងៃចន្ទ លោក Burhan បានធ្វើឲ្យអស់សង្ឃឹមដល់កិច្ចប្រជុំស្វែងរកសន្តិភាព ដោយលោកបានចាត់ទុកគូប្រជែង RSF ថាជាជនក្បត់ជាតិ ហើយនិងសន្យាយកឈ្នះឲ្យខាងតែបាន ។
គួរឲ្យដឹងថា លោក Burhanបានបង្ហាញខ្លួននៅក្នុងវីដេអូមួយដែលថតដោយកងទ័ពរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ នៅក្រៅបរិវេនទីបញ្ជាការកងទ័ព ក្នុងទីក្រុង Khartoum ជាលើកដំបូងចាប់តាំងពីការផ្ទុះសង្រ្គាមកាលពីរយៈពេលជាង ៤ខែមុន ។
ការបង្ហាញខ្លួនរបស់លោកនៅក្នុងវីដេអូនេះ បានកើតមានឡើង ក្រោយការវាយប្រហារជាច្រើនថ្ងៃរបស់កងកម្លាំងគាំទ្ររហ័ស (RSF)លើមូលដ្ឋានទ័ពអង្គភាពពាសដែក ស្ថិតនៅភាគខាងត្បូងទីក្រុង Khartoumដែលជាតំបន់កាន់កាប់នៅសល់មួយគត់របស់កងទ័ពស៊ូដង់ នៅក្នុងរដ្ឋធានី ខាងក្រៅទីបញ្ជាការរបស់ពួកគេ ។
សូមបញ្ជាក់ថា កងទ័ពស៊ូដង់ កំពុងធ្វើសង្រ្គាមជាមួយកងកងកម្លាំង RSFដើម្បីគ្រប់គ្រងរដ្ឋធានី Khartoum និងទីក្រុងធំៗជាច្រើនទៀត ចាប់តាំងពីថ្ងៃទី ១៥ខែមេសារហូតមក ។ ការព្យាយាមសម្រុះសម្រួលពុំទទួលបានផ្លែផ្កានោះទេ ស្របពេលដែលក្រុមមន្រ្តីការទូត និយាយថា ភាគីទាំង២ជឿថា ពួកគេអាចឈ្នះសង្រ្គាមដូចគ្នា ។