ចិន ៖ អនុប្រធានាធិបតីចិន លោក Han Zheng ( ហាន ចឹង) បាននិយាយនៅថ្ងៃពុធ (ទី៣០ ខែសីហា) លោកសង្ឃឹមថា តាមរយៈការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែង នឹងធ្វើឲ្យមានការវិវឌ្ឍទៅមុខថ្មីក្នុងទំនាក់ទំនងចិន និងចក្រភពអង់គ្លេស ដោយការលើកឡើងនេះ កើតមានឡើងអំឡុងកិច្ចប្រជុំមួយដែលបានធ្វើឡើងជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly នៅទីក្រុងប៉េកាំង។
លោក Cleverly បាននិយាយក្នុងជំនួបនោះថា នេះគឺជារឿងសំខាន់ណាស់ ដែលប្រទេសទាំង២ ជួបគ្នាដោយផ្ទាល់យ៉ាងទៀងទាត់ ដើម្បីជៀសវាងនូវការយល់ច្រឡំ ហើយនេះជារឿងសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងភាពខ្វែងគំនិតគ្នា ដែលគ្រប់ប្រទេសទាំងអស់ តែងមានក្នុងទំនាក់ទំនងទ្វេភាគី។
ចក្រភពអង់គ្លេសកំពុងប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចិន បន្ទាប់ពីទំនាក់ទំនងបានធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក Boris Johnson នៅពេលដែលទីក្រុងឡុងដ្រ៍ បានដាក់កម្រិតលើការវិនិយោគរបស់ចិនមួយចំនួន ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ និងបានសម្តែងនូវកង្វល់ចំពោះការបង្ក្រាបសេរីភាព នៅទីក្រុងហុងកុង៕

