ភ្នំពេញ ៖ ក្រោយបើកដំណើរការឡើងវិញ គណៈកម្មការផ្សារច្បារអំពៅ នៅថ្ងៃទី២៦ ខែឧសភានេះ បន្តអនុវត្តវិធានសុខាភិបាល ដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ-១៩។
នៅថ្ងៃទី២៦ ខែឧសភានេះ លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ បានឱ្យដឹងថា ស្របទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សារច្បារអំពៅ បានអនុញ្ញាតឱ្យអាជីវករលក់គ្រឿងបរិភោគ អាចដំណើរការឡើងវិញបាន តាំងពីថ្ងៃទី២៤ ខែឧសភាមក ប៉ុន្តែអាជីវករតិចតួចណាស់ ដែលបានមកបើកតូបលក់វិញ។
លោក បានបញ្ជាក់ថា អាជីវករមួយចំនួនមិនទាន់មកបើកតូប ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ និងការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់។
ជាមួយគ្នានេះ អ្នកលក់ដូរគ្រឿងបរិភោគនៅផ្សារច្បារអំពៅ បានបង្ហាញក្តីរំភើប នៅពេលផ្សារបើកឡើងវិញ ព្រោះអាចរកចំណូលបានខ្លះ ប៉ុន្តែនៅតែអនុវន្តវិធានការសុខាភិបាល បីកុំ ៣ការពារ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានអនុញ្ញាតឱ្យបើកផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា តទៅ លើកលែងផ្សារ ដែលមិនមានរបៀបរៀបរយ ដូចជា ផ្សាក្រមួន ផ្សាររោងចក្រ និងផ្សារក្រោយមន្ទីរពេទ្យជាដើម៕
អត្ថបទ៖ ទូច សោភ័ណ



