ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់ដេប៉ាតឺម៉ង់ គ្រប់គ្រងកីឡា និងហ្វឹកហាត់ នៅសាកលវិទ្យាល័យ ឡាយហ្វ ដើម្បីធ្វើការបណ្ដុះបណ្ដាល ទាំងកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររងលើមុខជំនាញមួយនេះ ។
យោងតាមប្រកាសដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការទទួលស្គាល់ការបង្កើតដេប៉ាតឺម៉ង់ គ្រប់គ្រងកីឡា និងហ្វឹកហាត់ គឺនៅក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ដែលមានស្រាប់ ដើម្បីធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ និងបរិញ្ញាបត្រលើមុខជំនាញ គ្រប់គ្រងកីឡា និងហ្វឹកហាត់។
ទន្ទឹមជាមួយការទទួលស្គាល់នេះដែរ ក្រសួងតម្រូវឲ្យសាកលវិទ្យាល័យ ឡាយហ្វ បំពេញភារកិច្ច ៦ចំណុច ១-រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសម្រាប់ដេប៉ាតឺម៉ង់ថ្មី ២-រៀបចំបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងការសិក្សាសម្រាប់មុខជំនាញ ៣-រៀបចំកម្មវិធីសិក្សាលម្អិតឲ្យស្របតាមលក្ខខណ្ឌ និងបទប្បញ្ញត្ដិ នៃក្របខណ្ឌគុណវឌ្ឍិជាតិកម្ពុជា ៤-អនុវត្តតាមបទដ្ឋានរបស់ក្រសួង ដែលកំណត់លើសកម្មភាព នៃការធានគុណភាពអប់រំផ្ទៃក្នុងនៅគ្រឹះស្ថានឧត្តមសិក្សា ៥-ធ្វើរបាយការណ៍ប្រចាំឆ្នាំអំពីការងារបណ្ដុះបណ្ដាលជូនក្រសួង និងគោរពតាមកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ។
ចំពោះនិស្សិតដែលរៀនចប់កម្មវិធីសិក្សា និងបានទទួលជោគជ័យក្នុងការបញ្ចប់ការសិក្សាត្រូវទទួលសញ្ញាបត្រតាមកម្រិត និងមុខជំនាញ ដែលបានសិក្សា ។ សញ្ញាបត្រនេះ ត្រូវផ្ដល់ឲ្យដោយសាកលវិទ្យាល័យ ឡាយហ្វ ដោយផ្អែកតាមបញ្ជីឈ្មោះនិស្សិតឈ្មោះសិក្សាជាប់ជាស្ថាពរ ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ អត្ថបទ លី ឈុនឡា

