ជប៉ុន៖ ក្រសួងការពារជាតិ របស់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានដាក់សំណើចំណាយដ៏ច្រើនមានទឹកប្រាក់ចំនួន៧,៧សែនកោដិយ៉េន ឬ៥២,៦៧ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ជាជំហានចុងក្រោយនៃផែនការដើម្បីជំរុញការចំណាយផ្នែកការពារជាតិដល់៤៣សែនកោដិយ៉េន នៅរយៈពេល៥ឆ្នាំទៀត។
យោងតាមសំណើរថវិកាបានឲ្យដឹងថា ក្រសួងការពារជាតិ មានផែនការកំណត់ដោយឡែកថវិកាជាង៩០០ពាន់លានយ៉េនឬ៦,១៦ ពាន់លានដុល្លារ ដើម្បីធានាបានគ្រាប់រំសេវ និងអាវុធ រួមមានទាំង មីស៊ីលបាញ់ពីនាវាទៅអាកាសថ្មី។
សំណើនេះគឺសម្រាប់ឆ្នាំទី២នៃផែនការរបស់នាយករដ្ឋមន្ត្រីលោក Fumio Kishida ដើម្បីបង្កើនទ្វេដងការចំណាយផ្នែកការពារជាតិរបស់ប្រទេសដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០២៧ ខណៈប្រទេសនេះប្រឈមនឹងការកើនឡើងឥទ្ធិពលរបស់ចិន និងប្រទេសកូរ៉េខាងជើងដែលពុំអាចស្មានទុកជាមុនបាន។
សំណើនេះកើតមានឡើងខណៈទំនាក់ទំនងរបស់ទីក្រុងតូក្យូជាមួយទីក្រុងប៉េកាំង ធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយប្រទេសជប៉ុនកាលពីសប្តាហ៍កន្លងទៅនេះ បានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការចូលទៅក្នុងសមុទ្រ។
ប្រទេសចិន បានថ្កោលទោសការបញ្ចេញទឹកសំណល់នេះ និងបានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន៕
