
កណ្ដាល៖ នាយករដ្ឋមន្រ្តីនៃកម្ពុជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ បាន លើកឡើងថា ឱកាសបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់ហើយ ដូច្នេះសូមអភិបាលរាជធានីភ្នំពេញត្រៀមរថយន្តឲ្យហើយ ដើម្បីដឹកបងប្អូនទៅលេងស្រុកកំណើត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបោះឆ្នោតជាតិជាដើមនោះ ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលប្រជាពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្ត និងពីតាមបណ្តាខេត្តមកភ្នំពេញវិញ ដោយឥតគិតថ្លៃនោះឡើយ៕អត្ថបទ ៖ បាន ចក់