កូរ៉េខាងត្បូង៖ កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃព្រហស្បតិ៍ (៣១ សីហា) ដែលជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព Ulchi ដែលកំពុងបន្តរបស់ពួកគេ។
កងទ័ពអាកាសបាននិយាយថា យន្តហោះចម្បាំងប្រហែល៦០គ្រឿងរួមទាំងយន្តហោះ F-35A និងយន្តហោះF-15K ក៏ដូចជាយន្តហោះវាយប្រហារ A-10 ត្រូវបានចល័តសម្រាប់សមយុទ្ធ ជាមួយនឹងសេណារីយ៉ូនិមិត្ត ដែលពាក់ព័ន្ធនឹងការជ្រៀតចូលប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ព្រមទាំងកំណត់គោលដៅសត្រូវសំខាន់ៗផងដែរ។
ប្រទេសទាំងពីរបានចាប់ផ្តើមសមយុទ្ធខែលការពារសេរីភាព Ulchi នៅថ្ងៃទី២១ ខែសីហា ដែលជាសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ត្រូវបានរចនាឡើងដើម្បីបង្កើនការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើងតែងតែរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំថាជាការហាត់សមសម្រាប់សង្គ្រាម ប៉ុន្តែសម្ព័ន្ធមិត្តទាំងនេះបានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាការការពារធម្មតាប៉ុណ្ណោះ៕

