បាត់ដំបង៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់រយហិកតា កំពុងរងការកាប់បំផ្លាញឥតឈប់ឈរ ទាំងខែប្រាំង និងខែវស្សា ពីសំណាក់ជនខិលខូចជាបន្តបន្ទាប់ បើទោះបីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដាក់វិធានការ ទប់ស្កាត់ជាញឹកញាប់ ក៏នៅតែដដែល ។
ពលរដ្ឋរស់នៅជិតតំបន់ព្រៃលិចទឹក កំពុងរងការកាប់ទន្ទ្រាន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី បានលើកឡើងថា ព្រៃលិចទឹកជាច្រើនចំណុច ត្រូវជនខិលខូចមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ត្រាក់ទ័រ ធ្វើការឈូសឆាយជាហូរហែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាយប់មិនថាថ្ងៃ និងបានប្រើប្រាស់សកម្មភាព បំភាន់ភ្នែកអាជ្ញាធរតាមរូបភាពផ្សេងៗ ។
ពលរដ្ឋ បានបន្តថា ដោយរូបភាពបំភាន់ផ្នែកនោះ គឺពួកគេបានធ្វើការឈូសឆាយភ្ជួររាស់ដីព្រៃបណ្ដើរ ហើយធ្វើការព្រោះស្រូវបណ្ដើរ ធ្វើដូចជាខ្លួនបានអាស្រ័យផលលើដីនោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែការពិត គឺជាដីព្រៃថ្មី មិនធ្លាប់អាស្រ័យផលសោះ ។
ប្រភព បានបន្ថែមថា សម្រាប់ចំណុចត្រូវជនទាំងអស់នោះ កំពុងកាប់ទន្ទ្រានជាបន្តបន្ទាប់ មាននៅបឹងកំភ្លាញក្នុង បឹងកំភ្លាញក្រៅ អូរចុងតាចាន់ ខ្ទមតូច រាងអង្ក្រង បឹងបណ្ដែតគល់ បឹងទឹកល្អក់ បឹងទឹកថ្លាជាដើម ហើយតំបន់ទាំងនោះ ខ្លះស្ថិតក្នុងភូមិអង្គ្រង និងខ្លះនៅភូមិដូនទ្រី ។
តាមប្រភពពីមន្ត្រីសាលាស្រុកមោងឫស្សី បានឲ្យដឹងថា ចំពោះបញ្ហាការកាប់ទន្ទ្រាននៅភូមិសាស្ត្រឃុំជ្រៃនេះ ពិតជាបានកើតឡើងមែន ដោយពេលខ្លះអាជ្ញាធរក៏ចាប់គ្រឿងចក្រ ដែលកំពុងឈូសឆាយបានជាបន្តបន្ទាប់ និងបានបញ្ជូនទៅតុលាការផងដែរ ។
មន្ត្រីដដែល បានបញ្ជាក់ថា ចំពោះករណីខ្លះ ពេលអាជ្ញាធរចុះទៅបង្ក្រាបជនខិលខូចបានដឹងមុន ក៏បើកគ្រឿងចក្ររត់គេច ឬយកទៅលាក់ក្នុងព្រៃ បន្សល់ទុកតែដាន ហើយពេលខ្លះពួកគេបានកាប់ទន្ទ្រាននៅពេលយប់ក៏មាន ធ្វើឲ្យអាជ្ញាធរមានការពិបាក ព្រោះមានកម្លាំងតិច ហើយព្រៃលិចទឹកក្រៅពីនៅឃុំជ្រៃនេះ ក៏មានឃុំផ្សេងទៀត កំពុងរងការកាប់ទន្ទ្រាន ក្នុងនោះ មានឃុំព្រៃតូច និងឃុំឫស្សីក្រាំងជាដើម ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកាលពីសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហានៅមានការលួចកាប់ទន្ទ្រាននេះ ដោយសារមានភាពមិនច្បាស់លាស់ ដូចជាមានការដាំបង្គោលនៅរង្វើលឆ្ងាយៗ ខណៈខេត្តបាត់ដំបង មានដីព្រៃលិចទឹកប្រមាណ ៤០គីឡូម៉ែត្រ ដាំបង្គោលបានតែជាង ១០០ដើម ដោយបញ្ហានេះហើយ ទើបពលរដ្ឋឆ្លៀតឱកាសកាប់ឈូសឆាយព្រៃយកដីធ្វើស្រែ ។
ឯកឧត្តម បន្តថា ចំពោះការទប់ស្កាត់នេះ សម្រាប់អាជ្ញាធរខេត្តមានអំណាច បានត្រឹមយន្តការអប់រំ និងការសម្រេចយ៉ាងណាលើក្រសួងស្ថាប័នជំនាញ ហើយបញ្ហាមួយទៀត មានករណីខ្លះដីដែលកាប់ទន្ទ្រានរួចហើយនោះ ពលរដ្ឋសុំអាស្រ័យផលបន្ត ពេលរដ្ឋត្រូវការពេលណា អាចដកហូតបានពេលនោះ ។
គួរបញ្ជាក់ថា ការលួចកាប់ទន្ទ្រានដីព្រៃលិចទឹកនេះ មិនមែនកើតមានតែនៅស្រុកមោងឫស្សី នោះទេ គឺកើតឡើងនៅស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ដើម្បីទប់ស្កាត់នូវបញ្ហានេះ នៅតំបន់ខ្លះរដ្ឋបាលខេត្តបានដាក់ប៉ុស្តិ៍ ដើម្បីត្រួតពិនិត្យ៕
អត្ថបទ ៖ សុខរិទ្ធ




