
រយៈពេលមួយសប្តាហ៍បន្ទាប់ពីចុះចតដោយជោគជ័យលើភពព្រះចន្ទ ទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ (ថ្ងៃទី២ ខែកញ្ញា) នេះ បង្ហាញពីបំណងចង់សម្រេចនូវមហិច្ឆតាមួយទៀត នោះគឺការបាញ់បង្ហោះយានអង្កេតមួយ ដើម្បីសិក្សាពីភពព្រះអាទិត្យ ។
យានអវកាស Aditya-L1 (អាទិត្យា-L1) នឹងនាំយកឧបករណ៍វិទ្យាសាស្ត្រ ដើម្បីសង្កេតតាមដានស្រទាប់ខាងក្រៅបង្អស់របស់ព្រះអាទិត្យ ដោយនឹងចាប់ផ្ដើមបាញ់បង្ហោះនៅវេលាម៉ោង ១១:៥០នាទីព្រឹក ម៉ោងក្នុងប្រទេស (ត្រូវនឹងម៉ោង ៦:៥០នាទី ម៉ោងសកល) សម្រាប់ដំណើរក្នុងលំហអាកាសរយៈពេល ៤ខែរបស់យាននេះ។
សហរដ្ឋអាមេរិក និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបញ្ជូនយានអវកាសអង្កេតជាច្រើនទៅកាន់ចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ ដោយចាប់ផ្តើមជាមួយនឹងកម្មវិធី Pioneer របស់អង្គការ NASA ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។
ប៉ុន្តែសម្រាប់ប្រទេសឥណ្ឌា ប្រសិនបើទទួលបានជោគជ័យ បេសកកម្មចុងក្រោយបំផុតពីអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នឹងក្លាយជាប្រទេសដំបូងគេ នៅអាស៊ី ដែលមាននៅក្នុងគន្លងព្រះអាទិត្យ។
Aditya (អាទិត្យា) ដែលជាឈ្មោះនៃសុរិយទេពឬព្រះអាទិត្យ ក្នុងសាសនាហិណ្ឌូ នឹងធ្វើដំណើរចម្ងាយ ១,៥លានគីឡូម៉ែត្រ ដើម្បីបានទៅដល់គោលដៅ។ យាននេះកំពុងធ្វើដំណើរលើយានចម្លង PSLV XL ទម្ងន់ ៣២០តោន រចនាឡើងដោយ ISRO ដែលជាផ្នែកដ៏សំខាន់នៃកម្មវិធីអវកាសឥណ្ឌា ដោយផ្តល់ថាមពលជំរុញដល់ការបាញ់បង្ហោះនៅមុននេះទៅកាន់ភពព្រះចន្ទ និងភពអង្គារ។
បេសកកម្មនេះក៏មានគោលបំណងសិក្សាឲ្យបានច្បាស់លើថាមវន្តនៃបាតុភូតជាច្រើនរបស់ព្រះអាទិត្យ តាមរយៈការថតរូបភាព និងវាស់ស្ទង់ភាគល្អិត នៅក្នុងបរិយាកាសខាងលើរបស់ព្រះអាទិត្យ៕