ក្រុមអាជ្ញាធរបាននិយាយនៅចុងសប្ដាហ៍នេះថា ចំនួនមនុស្សបាត់ខ្លួនក្នុងភ្លើងឆេះព្រៃនៅលើកោះ ម៉ូអ៊ី (Maui)រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិកបានថយចុះបន្តិចមកត្រឹម ៣៨៥ នាក់ ។

ស្នងការដ្ឋានកោះម៉ូអ៊ី (Maui) និងការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បច្ចុប្បន្នភាពនេះគឺធ្លាក់ចុះពី ៣៨៨ នាក់នៅក្នុងបញ្ជីអ្នកបាត់ខ្លួនដំបូងដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ២៤ ខែសីហា។
ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង ៣.០០០ នាក់ត្រូវបានគេរកឃើញថាមានសុវត្ថិភាព ដែលកន្លងទៅត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ដោយឈ្មោះរបស់ពួកគេត្រូវបានផ្តល់ជាសាធារណៈ។
ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែសីហា និងបានឆាបឆេះពេញទីក្រុង ឡាហេណា ( Lahaina) មាត់មហាសមុទ្រ ស្ថិតនៅលើកោះ ម៉ូអ៊ី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១៥ នាក់បានស្លាប់ ដោយបានធ្វើឲ្យភ្លើងឆេះពេលនោះ ក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយក្នុងចំណោមគ្រោះមហន្តរាយដ៏សោកនាកម្មជាច្រើននៅក្នុងប្រវត្តិសាស្ត្រកោះហាវ៉ៃ និងជាភ្លើងឆេះព្រៃដ៏សាហាវបំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយសតវត្សមកនេះ ៕
