ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងក្រុមការងារ បានប្ដេជាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកាអភិវឌ្ឍភូមិឃុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ក្នុងពិធីបរិភោគអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទូទាំងឃុំព្រះផុស ដោយមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត សុត សុវណ្ណដា អនុប្រធានក្រុមកាងារ និងក្រុមការងារ រួមទាំងប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ និងជូនលិខិតថ្លែងអំណរគុណដល់ក្រុមការងារចុះជួយឃុំ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត អាណត្តិទី៧ និងបោះជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលជ័យជំនះសារជាថ្មី ក្នុងសំឡេងឆ្នោតដ៏ច្រើនលើសលុប ។
ឯកឧត្តមប្រធានក្រុមការងារ បានបន្តថា ការទទួលបាននូវជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានេះ បានបង្ហាញពីការផ្ដល់យុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋ និងគាំទ្រថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត ។ ជាពិសេសប្រជាពលរដ្ឋទទួលបានរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ឥស្សរជនឆ្នើមបន្តវេនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង នឹងខិតខំបន្តចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី អភិវឌ្ឍន៍សមិទ្ធផលផ្សេងៗមូលដ្ឋានឲ្យកាន់តែរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ និងការចុះជាប់ជាមួយប្រពលរដ្ឋ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា ៕អត្ថបទ បាន សុខរិទ្ធ






