អូស្ត្រាលី៖ ជាងពាក់កណ្តាលនៃប្រជាជនអូស្ត្រាលី មានបំណងបដិសេធការដាក់បញ្ចូលក្រុមប្រឹក្សាជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាការស្ទង់មតិរបស់សារព័ត៌មានមួយបានបង្ហាញនៅថ្ងៃចន្ទ (៤កញ្ញា) នេះ ខណៈរដ្ឋាភិបាលកំពុងជួបផលលំបាកក្នុងការដកការគាំទ្រ ចំពោះសំណើសំខាន់មុនការបោះឆ្នោតក្នុងរយៈពេលប្រហែលប្រាំមួយសប្តាហ៍ខាងមុខនេះ។
ការស្ទង់មតិចុងក្រោយបំផុត ដែលធ្វើឡើងសម្រាប់សារព័ត៌មានអូស្ត្រាលី បានបង្ហាញការបន្តធ្លាក់ចុះនៃសំឡេងគាំទ្រសម្រាប់ «សំឡេងទៅកាន់សភា» ដែលជាគណៈកម្មាធិការជនជាតិដើមភាគតិចក្នុងការផ្តល់យោបល់ដល់សភាអំពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ ដោយមានអ្នកបោះឆ្នោតត្រឹមតែ៣៨% ដែលមានបំណងគាំទ្រ ខណៈដែលប្រជាជនប្រហែល៥៣% ទៀតមានបំណងជំទាស់នឹងសំណើនោះ។
ប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹងយុទ្ធនាការរយៈពេលប្រាំមួយសប្តាហ៍ មុនពេលបោះឆ្នោតប្រជាមតិនៅថ្ងៃទី១៤ ខែតុលា នៅពេលដែលនឹងត្រូវបានសួរថា តើពួកគេគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញដើម្បីបង្កើតគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីផ្តល់យោបល់ដល់សភាសហព័ន្ធ ឬយ៉ាងណា។
ការបោះឆ្នោតប្រជាមតិ ទាមទារសំឡេងជាតិភាគច្រើន ក៏ដូចជាសំឡេងភាគច្រើននៅក្នុងរដ្ឋយ៉ាងតិច៤ក្នុងចំណោមរដ្ឋទាំង៦ ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញបាន។ ចាប់តាំងពីការទទួលបានឯករាជ្យរបស់អូស្ត្រាលីក្នុងឆ្នាំ១៩០១មក មានតែសំណើចំនួន៨ប៉ុណ្ណោះក្នុងចំណោម៤៤សំណើសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ត្រូវបានអនុម័ត៕


