
ក្រសួងឧស្សាហកម្មអ៊ីតាលី បាននិយាយថា ប្រទេសអ៊ីតាលី និងអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគ ដែលចាត់ទុកថាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ចាប់តាំងពីចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុន នាយករដ្ឋមន្ត្រី លោក ស្រី Giorgia Meloni បានស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសឈូងសមុទ្រ ដោយកាត់បន្ថយការព្រួយបារម្ភរបស់សម្ព័ន្ធនយោបាយមុនៗទៅលើបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់។ លោកស្រី បានដកការដាក់ទណ្ឌកម្មលើការលក់សព្វាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួមរួចហើយ។
អនុស្សរណៈដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ មានរយៈពេលពីរឆ្នាំ ហើយនឹងត្រូវបន្តដោយស្វ័យប្រវត្តិក្នុងរយៈពេល ២៤ខែទៀត លុះត្រាតែភាគីណាមួយមិនជូនដំណឹងដល់ភាគីម្ខាងទៀតអំពីចេតនារបស់ខ្លួនក្នុងការបដិសេធការបន្តរយៈពេល៦ខែ មុនកាលបរិច្ឆេទផុតកំណត់។
លោកអាឌូលហ្វូ អ៊ុសូ ( Adolfo Urso) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯវេទិកាវិនិយោគរវាងប្រទេសអ៊ីតាលី និងអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងមីឡាន (Milan)ថា៖«ការពិភាក្សា អាចជួយក្រុមហ៊ុននានាអភិវឌ្ឍន៍ភាពជាដៃគូផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មបាន»។