ហ្វីលីពីន៖ យោធារបស់ទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា នាវាកងទ័ពជើងទឹកមកពីប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការបើកនាវារួមគ្នាឆ្លងកាត់ផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
កងកម្លាំងប្រដាប់អាវុធនៃទីបញ្ជាការខាងលិចរបស់ប្រទេសហ្វីលីពីនបាននិយាយថា នេះគឺជាលើកទីមួយហើយដែលហ្វីលីពីន និងទីក្រុងវ៉ាស៊ីនតោន បានអនុវត្តការបើកនាវារួមគ្នានៅក្នុងដែនទឹកភាគខាងលិចនៃកោះ Palawan ។
ការបង្ហាញកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងហ្វីលីពីននេះ ធ្វើឡើងស្របពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ដែលទាមទារសិទ្ធភាគច្រើននៃសមុទ្រចិនខាងត្បូង។
រដ្ឋធានីម៉ានីល បានតវ៉ាម្តងហើយម្តងទៀត ប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាសកម្មភាព «បំពាន» របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង រួមទាំងការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំល្បាតឆ្នេររបស់ខ្លួនប្រឆាំងនឹងនាវាហ្វីលីពីន ដែលចូលរួមក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីថ្ងៃទី៥ ខែសីហា ផងដែរ៕

